(ព្រៃវែង)៖ លោកស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា សមិទ្ធផលដែលកើតមាននៅក្នុងខេត្តព្រៃវែង ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស គឺដោយសារប្រទេសជាតិមានសុខសន្ដិភាព និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ស្បោង សារ៉ាត ថ្លែងបែបនេះពេលអញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គីនៅវត្តគ្រើលថ្មី ស្ថិតនៅស្រុកកំពង់ត្របែក និងនាំយកទេយ្យវត្ថុ បច្ច័យសរុបចំនួន ៧៥,០០០,០០០រៀល ប្រគេនដល់ព្រះសង្ឃនៅក្នុងវត្តនេះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះលោក ស្បោង សារ៉ាត បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនពុទ្ធបរិស័ទទាំអស់នាពេលនេះ និងលើកឡើងអំពីសភាពការណ៍ថ្មីៗ ដែលកើតឡើងនាពេលបច្ចុប្បន្ន រួមនឹងការរីកចម្រើនរបស់ខេត្តព្រៃវែង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោកបានបញ្ជាក់ថា «ប្រទេសជាតិយើងបច្ចុប្បន្ន មានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យទាំងវត្ដអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្ពាន រោងចក្រសហគ្រាស ដែលធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងសូមឲ្យពុទ្ធបរិស័ទទាំងអស់បន្ដការគោរពនូវវិស័យព្រះពុទ្ធសាសនា និងចូលរួមថែរក្សានូវសមិទ្ធផលនានាដែលមាននៅក្នុងវត្ត ដើម្បីជាទីគោរពបូជាសម្រាប់កូនចៅជំនាន់ក្រោយទៀត»។
លោក ស្បោង សារ៉ាត ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕