(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន បានថ្លែងជំរុញឲ្យ ពុទ្ធបរិស័ទចិនមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកុសលផលបុណ្យ និងស្វែងយល់អំពីគុណធម៌ និងវប្បធម៌ជាតិខ្មែរ កាន់តែច្រើនឡើង គោលបំណងបង្កើន ទំនាក់ទំនងកម្ពុជា-ចិន កាន់តែខ្លាំងឡើង។
ការថ្លែងបែបនេះ របស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានធ្វើឡើងនៅ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះនៅទីស្តីការក្រសួងធម្មការ ខណៈដែលលោកបានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ព្រះសង្ឃព្រះពុទ្ធសាសនាចិនដឹកនាំដោយព្រះតេជគុណ យ៊ិន ហ្សិន អនុប្រធានគណៈសង្ឃចិន និងប្រតិភូអមដំណើរសរុបប្រមាណ២១រូប។ ក្នុងកិច្ចជំនួបនេះប្រតិភូក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើន ដែលមិននឹកស្មានដល់ ហើយមានសុខសន្តិភាពខ្ពស់ជាង ប្រទេសជិតខាងក្នុងតំបន់។ មិនតែប៉ុណ្ណោះខាងសាសនាក៏មានភាពសុខដុមរមនា ដែលប្រទេសជិតខាងពុំមានដូច។
ក្នុងឱកាសនោះលោកបណ្ឌិត មិន ឃិន ក៏បាន «សំណូមពរឲ្យពុទ្ធបរិស័ទនៃប្រទេសចិន មកធ្វើទស្សនកិច្ច មកបំពេញបុណ្យកុសល នៅកម្ពុជាឲ្យច្រើនថែមទៀត និងស្វែងយល់អំពីគុណធម៌ វប្បធម៌ នៃប្រទេសទាំងពីរ ហើយអភិវឌ្ឍន៍ជាតិទាំងអស់គ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»៕