(បន្ទាយមានជ័យ)៖ អនុវត្តតាមនយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃទំហំ ៦៦ហិកតា នៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ោយ ខេត្តបន្ទាយមានជ័យ ដែលមានរយៈពេលជិត២០ឆ្នាំ បានឈានដល់ចាប់ដៃគ្នា ចុះវាសវែងកំណត់ព្រំដី បញ្ចប់ទំនាស់ដោយសន្តិវិធី ក្រោមការចុះសម្របសម្រួលពីសំណាក់គណៈកម្មាការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ។
កិច្ចសម្របសម្រួលរហូតឈានដល់ការបញ្ចប់នេះ ធ្វើឡើងនៅលើទីតាំងដីទំនាស់ខាងលើ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីគ្រប់ភាគីទាំងសងខាង នៃ១៤គ្រួសារ និង៥១គ្រួសារ និងដោយយោងលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់វាស់វែងបែងចែក និងលក់ដូរដីធ្លី និងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
មុនឈានដល់ការស្រុះស្រួលគ្នាបញ្ចប់ទំនាស់ លោក ង៉ោ ម៉េងជ្រួន បានលើកពីនីតិវីធី នៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺផ្តោចទៅលើការសម្របសម្រួលគ្នា លើមូលដ្ឋានច្បាប់ ហើយជាពិសេសឱ្យឈ្នះតាមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដល់ភាគីទាំងពីរអនុវត្ត និងបានលើកឡើងសំណូមពរទៅវិញទៅមករហូតភាគីទាំងពីរ បានឯកភាពគ្នាដោយព្រមរុសរើសំណងដោយខ្លួនឯង ហើយទៅធ្វើលើដីដែលបានបែងចែកគ្នា។ ទីតាំងថ្មីគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវហើយអាជ្ញាធរ និងចេញដីការសម្រេចអោយបងប្អូនកាន់កាប់ដោយស្របច្បាប់។
លោក ង៉ោ ម៉េងជ្រួន បានបន្ថែមទៀតថាក្រោយពីការសម្របសម្រួលគ្នាចប់របស់ភាគីទាំងពីរលោកបានដាក់វិធានការច្បាប់ចាប់ឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការបន្តទៅតុលាការសម្រាប់អ្នកថ្មីណាដែលចូលមកសាងសងថ្មីឬមកធ្វើអ្វីក្រៅពីកិច្ចព្រមព្រាង។
បន្ទាប់ពីកិច្ចសម្របសម្រួលដោះស្រាយនេះបានបញ្ចប់អាជ្ញាធរខេត្តបន្ទាយមានជ័យនឹងចេញសេចក្តីជូនដំណឹងជាសាធារណៈអោយរុសរើសំណងទៅតាមការឯកភាពនិងស្រុះស្រួលគ្នាក្នុងរយះពេល១៥ថ្ងៃ។បើមិនអនុវត្តតាមអាជ្ញាធរនិងអនុវត្តដោយបង្ខំតាមនីតិវិធីច្បាប់ដល់ក្រៅភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា យោងលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់វាស់វែងបែងចែក និងលក់ដូរដីធ្លីនិងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕