(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានចុះមកជូនដំណើរដោយផ្ទាល់សម្រាប់អ្នកជំងឺកូវីដ១៩មួយរូប ពេលគេត្រូវបានព្យាបាលជាពីជំងឺកូវីដ១៩។ កាយវិការនេះ ត្រូវបានកោតសរសើរ និងក្តីរីករាយខ្លាំងពីអ្នកជំងឺ ព្រោះជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះប្រជាពលរដ្ឋ។
ក្នុងពេលអញ្ជូនដំណើរអ្នកជំងឺឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នា២០២១នេះ លោកស្រី បាន ស្រីមុំ បាននាំការអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់អ្នកជំងឺចេញពីពេទ្យនេះ។ ក្នុងនាមលោកស្រីផ្ទាល់ ក៏សំដែងនូវទឹកចិត្តត្រេកអរ និងបានផ្តាំផ្ញើឱ្យអ្នកជំងឺរូបនេះ បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅផ្ទះ ហើយបើមានអាការៈប្រែប្រួលណាមួយ ប្រញាប់ទាក់ទងមកក្រុមគ្រូពេទ្យ។
លោកស្រី ក៏បានណែនាំអ្នកជំងឺកូវីដ១៩ ដែលទើបព្យាបាលជានេះ កុំភ្លេចថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ លោកស្រីអភិបាលខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ ។
លោកស្រី បាន ស្រីមុំ បានបញ្ជាក់បន្ថែមជូនអ្នកជំងឺទើបព្យាបាលជានេះថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកឱ្យពលករខ្មែរណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ១៩ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោកស្រីបន្ថែមថា សម្តេចទាំងទ្វេបានចាត់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុសកំណាចនេះចូលក្នុងមូលដ្ឋាន ។
លោកស្រី ក៏បានស្នើឱ្យអ្នកជំងឺរូបនេះ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ ត្រូវផ្តល់ព័ត៌មានពិតជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ ហើយត្រូវស្ម័គ្រចិត្តចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕