(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានវាយតម្លៃ និងកោតស្ញប់ស្ញែងជាខ្លាំងចំពោះក្រុមគ្រូពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោកអភិបាល បានហៅក្រុមគ្រូពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាយុទ្ធជនជួរមុខ ដែលបានជួយការពារសុខភាពប្រជាពលរដ្ឋពីជំងឺកាចសាហាវមួយនេះ មិនឱ្យនរណាស្លាប់បាត់បង់ជីវិត។
លោក វ៉ី សំណាង លើកឡើងបែបនេះក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលសុខភាពដំណាក់ដំរី ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នៅមុខមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងថា វិស័យសុខាភិដបាល ធ្លាប់ត្រូវបានគេបន្ទោសបង្អាប់ថា មានភាពកម្សោយក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញនៅពេលមានជំងឺផ្លូវដង្ហើមកូវីដ១៩ បានកើតឡើង បានរំលេចឱ្យឃើញពីតួនាទីដ៏សំខាន់របស់ក្រុមគ្រូពេទ្យ បង្ហាញឱ្យឃើញនូវការចូលរួមដ៏ចាំបាច់របស់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះ «ក្រុមគ្រូពេទ្យយើងត្រូវបានគេប្រសិទ្ធនាមជូនពួកគាត់ជាទ័ពអាវស ព្រោះថាក្នុងសមរភូមិជាមួយជំងឺកូវីដ១៩ ដែលជាសត្រូវគ្មានស្រមោលនេះ ពួកគាត់ជាយុទ្ធជនជួរមុខអង់អាចបំផុត។ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋយើង ពួកគាត់បានលះបង់សេចក្តីសុខ ឃ្លាតឆ្ងាយគ្រួសារ ដោយឥតរួញរា»។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានលើកបង្ហាញពីភាពជោគជ័យរបស់កម្ពុជាលើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោកបានលើកឡើងថា សម្តេចតេជោ បានដាក់ចេញនូវផែនការឲ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក ខិតខំយកសំណាកពីពលរដ្ឋណាដែលសង្ស័យ ហើយធ្វើចត្តាឡីស័ក និងព្យាបាលដល់អ្នកជំងឺ កុំឲ្យមានការរីករាលដាល និងឆ្លងដល់សហគមន៍។
លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសូមកោតសរសើរចំពោះប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានចូលរួមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ទើបពលរដ្ឋកម្ពុជាគ្មានអ្នកស្លាប់ និងគ្មានអ្នកឆ្លងជំងឺថ្មីនៅតាមសហគមន៍៕