(កំពង់ឆ្នាំង)៖ សមាគមចលនាយុវជនកម្ពុជា១៥៧ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាននោះ បានផ្តល់តម្លៃខ្ពស់ដល់សុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើមាតុភូមិកម្ពុជា។ ចលនាយុវជនដែលសុទ្ធសឹងជាកូនថ្នាក់ដឹកនាំជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងជាមន្ត្រីរាជរដ្ឋាភិបាលមួយនេះ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការរក្សាឱ្យបាននូវសុខសន្តិភាពនេះ។
លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា១៥៧ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បានថ្លែងថា ការបង្កើតសមាគមចលនាយុវជនកម្ពុជា១៥៧ គឺក្នុងគោលបំណងចលនាយុវជននៅគ្រប់មូលដ្ឋានជួយប្រជាជន ដែលរងគ្រោះដោយគ្រោះ មហន្តរាយនានា ជួយជនពិការ ជួយចាស់ជរា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ និងពណ៌សម្បុរឡើយ ដើម្បីរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍។
ក្នុងពិធីសម្ពោធបើកទីស្នាក់ការសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកំពង់ឆ្នាំង នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានអាជ្ញាធរខេត្ត អាជ្ញាធរឃុំស្រុកនិងមន្ត្រីរាជការជុំវិញខេត្តចូលរួមយ៉ាងច្រើនកុះករផងដែរនោះ លោក ម៉ឹង ពន្លក បានលើកឡើងថា មានសន្តិភាពទើបកម្ពុជាមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ។ បើគ្មានសន្តិភាពទេ សូម្បីតែសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក៏ពុំមានដែរ។ ដូច្នេះយុវជនកម្ពុជាត្រូវតែចូលរួមក្នុងចលនាយុវជនទាំងអស់គ្នាដើម្បីរួមគ្នាការពារសុខសន្តិភាពឲ្យបានជាដាច់ខាត។
ក្នុងពិធីនេះលោក ម៉ឹង ពន្លក បានរំលឹកពីសវតា និងសកម្មភាពមួយចំនួនរបស់សមាគមចលនាយុវជនកម្ពុជា១៥៧ផងដែរ។ លោក ម៉ឹង ពន្លក បានលើកឡើងថា គិតមកដល់ថ្ងៃនេះសមាគមចលនាយុវជនកម្ពុជា១៥៧ បានកើតមានចំនួន១៤ខេត្តហើយ រាប់ទាំងសាខាក្នុងខេត្តកំពង់ឆ្នាំង។
លោកបន្តថា កន្លងមកសមាគមរបស់បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំ២០១៩ នៅតាមបណ្ដាខេត្តមួយចំនួនបានជាង៥០០គ្រួសារ។ កាលពីឆ្នាំមុននៅខេត្តសៀមរាប សមាគមក៏បានរៀបចំចលនាយុវជនក្នុងខេត្តសៀមរាប ជិះកង់រួមគ្នារៃអង្គាសគ្នាបានប្រាក់ជាង ៨ម៉ឺនដុល្លារ យកមកជួយឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ជាមួយគ្នានេះដែរ កាលពី១២ឆ្នាំមុននៅពេលប្រទេសជាតិមានសង្រ្គាមនៅតាមព្រំដែនកម្ពុជាថៃ សមាគមចលនាយុវជនកម្ពុជា ក៏បានចលនាឲ្យយុវជននៅទូទាំងប្រទេស និងស្ថាប័ននានារួមគ្នាជួយឧបត្ថម្ភដល់យុទ្ធជននៅសមរភូមិមុខ ធ្វើឱ្យកិច្ចការពារមាតុភូមិរបស់យុទ្ធជនទទួលបានជោគជ័យលើពួកខ្មាំងសត្រូវដែលប៉ុនប៉ងកាន់កាប់ទឹកដីប្រាសាទព្រះវិហារ ដែលជាមរតកដូនតារបស់ខ្មែរ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលបានចូលរួមជាអធិបតីក្នុងពិធីនេះ បានថ្លែងថា នៅក្នុងខេត្តកំពង់ឆ្នាំងមានសមាគមជាង១០០ហើយ ដែលមានសមាជិកសរុបជាង ៣ម៉ឺនគ្រួសារ និងក្នុងទិសដៅខាងមុខសមាគមទាំងអស់នៅក្នុងខេត្ត និងពង្រីកសមាជិករបស់ខ្លួនឲ្យបាន ២០ម៉ឺនគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់របស់គាត់នៅតាមមូលដ្ឋាន។
លោក ម៉ឹង ពន្លក បានសំណូមពរដល់ថ្នាក់ដឹកនាំសមាគមចលនាយុវជនកម្ពុជា១៥៧ ជួយដល់សមាគមដាំដំណាំកសិកម្មនៅឃុំទឹកហូត និងសមាគមទេសចរណ៍នៅទឹកធ្លាក់ស្រែអំពិលជាដើម ដែលកំពុងធ្វើការអភិវឌ្ឍខ្លួនបានល្អ ដើម្បីលើកកម្ពស់សកម្មភាពដែលកំពុងមានការអភិវឌ្ឍនៅក្នុងសមាគម។
ប្រធានសមាគមចលនាយុវជនកម្ពុជា១៥៧រូបនេះ ក៏អំពាវនាវដល់អាជ្ញាធរគ្រប់មូលដ្ឋាននៅក្នុងខេត្ត សហការជាមួយសមាគមចលនាយុវជនកម្ពុជា១៥៧ និងសហគមន៍ទាំងអស់នៅក្នុងខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានឲ្យទទួលបានជោគជ័យ និងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព។
នៅក្នុងពិធីនេះលោក ម៉ឹង ពន្លក ក៏បានប្រកាសទទួលស្គាល់លោកស្រី ចាន់ ផល្លីន ជាប្រធានសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសាខាមួយចំនួនទៀត។ លោកក៏បានចូលរួមកាត់ខ្សែបូសម្ពោធបើកទីស្នាក់ការសមាគមចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង និងចូលរួមចែកអំណោយជូនដល់ប្រជាពលរដ្ឋចាស់ជរាចំនួន២០គ្រួសារ ដែលមកពីបណ្តាមូលដ្ឋាននានា ក្នុងនោះអំណោយដែលបានចែកជូនរួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រីគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរ ដើម្បីជួយដោះស្រាយការខ្វះ ខាតរបស់ពួកគាត់បានមួយចំណែកផងដែរ៕