អាវុធហត្ថរាជធានីភ្នំពេញ បង្វឹកជំនាញសម្រកទម្ងន់ និងសម្រកក្បាលពោះ ជូនមន្ត្រីអាវុធហត្ថចំនួន១០២នាក់
23-02-2016 17:25
(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកវគ្គហ្វឹកហ្វឺន ពីសកម្មភាពវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា ដល់កម្លាំងអាវុធហត្ថក្នុងទីបញ្ជាការ និងខណ្ឌទាំង១២ ចំនួន១០២នាក់ នេះបើតាម Facebook Page របស់លោក ប៉ា សុជាតិវង្ស ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។
លោក ប៉ា សុជាតិវង្ស បានសរសេរយ៉ាងដូច្នេះថា «ការលើសទម្ងន់ អាចនាំទៅរកជំងឺមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺផ្លូវដង្ហើម និងមហារីក ដែលនាំឱ្យមានការប៉ះពាល់ផ្លូវចិត្ត ការងារ ការរកចំណូល និងកត្តាផ្សេងៗទៀត។ ដូច្នេះកងរាជអាវុធហត្ថរាជធាំនីភ្នំពេញ បានបើកវគ្គហ្វឹកហ្វឺន ស្តីពីកម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា ដល់កម្លាំងអាវុធហត្ថក្នុងទីបញ្ជាការ និងខណ្ឌទាំង១២ សរុប១០២នាក់ ក្នុងគោលបំណងពង្រឹងកាយសម្បទា និងកាត់បន្ថយភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយថវិកា និងពេលវេលាច្រើនក្នុងការមើលជំងឺផងដែរ»៕