(ភ្នំពេញ)៖ ក្រុមវាយកូនហ្គោលសន្តិភាព ឬហៅជាភាសាអង់គ្លេសថា Santepeap Golf Club បានរៀបចំកម្មវិធីប្រកួតកូនហ្គោលអបអរសាទរ ៧ មករា ដែលមានឈ្មោះថា ពានរង្វាន់ ៧ មករា ដែលមានអ្នកចូលរួម ៦៨ នាក់ និងបានប្រព្រឹត្តធ្វើនៅតារាងវាយកូនហ្គោលមួយ នៅជាយរាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបំផុសសមាជិកខ្លួនដែលមានចំនួន៦៨នាក់ ឲ្យយល់កាន់តែច្បាស់និងកាន់តែស្រលាញ់ ថែរក្សា និងការពារសុខសន្តិភាពជាតិដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងឡើងយ៉ាងលំបាកលំបិន ហើយរីកចម្រើន ស្គាល់ការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ថ្លែងបំផុសយ៉ាងដូច្នេះរបស់ក្រុមវាយកូនហ្គោលសន្តិភាពនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅក្នុងពិធីប្រកួតវាយកូនហ្គោលលក្ខណៈមិត្តភាពយកជ័យលាភីកីឡាវាយកូនហ្គោលនៅឯ ទីលានវាយកូនហ្គូលមួយកន្លែងនៅជាយក្រុង, សមាជិកក្រុមទាំងអស់បានថ្លែង «អរគុណសន្តិភាព! អរគុណសម្ដេចតេជោហ៊ុនសែន ដែលបានកសាងប្រទេសជាតិពីផេះផង់ ប្រែក្លាយពីប្រទេសដែលគ្មានអ្វីសោះ រហូតមានបានរីកចម្រើន ហើយពិសេសពលរដ្ឋមានជីវភាពកាន់តែធូរធារឡើង ដែលជាឱកាសសប្បាយរីករាយសម្រាប់ប្រជាជន បង្កើតក្រុមកីឡាវាយកូនហ្គោលដើម្បីសាមគ្គី និងស្រលាញ់សន្តិភាព ព្រមទាំងការពារសន្តិភាពនេះឡើង»

ថ្លែងបន្តមក Fresh News សមាជិកដដែល ក៏បានថ្លែងពីសារប្រយោជន៍យ៉ាងសំខាន់នៃសន្តិភាព ដ្បិតក្នុងពិភពលោកយើងនេះ ប្រទេសណាក៏ដូចប្រទេសណាដែរ តែងតែចង់បានបំផុតមុនគេ គឺសន្តិភាព ព្រោះបើមានសន្តិភាពទើបប្រទេសជាតិមានឱកាសកសាង អភិវឌ្ឍន៍ឡើង តួយ៉ាងដូចកម្ពុជាយើង គឺអ្វីដែលចាំបាច់បំផុតដែលប្រជាជាតិយើងត្រូវការបំផុតនោះ គឺ សន្តិភាព។

ប្រភពបន្តថា ក្រុមរបស់លោកពិតជាឱ្យតម្លៃខ្ពស់បំផុតចំពោះសន្តិភាព ទើបក្រុមលោកដាក់ឈ្មោះក្រុមខ្លួនថា «ក្រុមកីឡាវាយកូនហ្គោលសន្តិភាព» នេះឡើង ឱ្យស្របតាមប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ន។

ពួកគាត់បញ្ជាក់ទៀតថា ក្រុមកីឡារបស់ពួកលោកនឹងនៅតែបន្តបំផុសបំផុលដល់សមាជិកខ្លួន និងពលរដ្ឋទូទៅឲ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព ស្រលាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព។ ហើយក៏បន្តបំផុសឱ្យពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ផងដែរ ដ្បិតកម្ពុជាយើងមានសមត្ថភាពខ្ពស់លើការងារនេះ ប៉ុន្តែការចូលរួមទាំងអស់គ្នាក៏ជាកត្តាសំខាន់ផងដែរ។

សូមជម្រាបថា ការប្រកួតកីឡាវាយកូនហ្គោលនេះ ជ័យលាភីលេខ១ បានទៅលើលោក ហួត គីណាល់, លេខ២ បានទៅលើលោក រ៉ូបើត វូ និងលេខ៣ បានទៅលើលោក កែវ វិបុល ក្នុងនោះលោក ឈិន ចន្ទសង្ហា លេងល្អជាគេទទួលបានពានកិត្តិយសផងដែរ។ គណៈកម្មការរៀបចំពិធី បានថ្លែងអំណរគុណដល់អ្នកជួយឧបត្ថម្ភ និងកីឡាករដែលបានចូលរួមសហការធ្វើឲ្យដំណើរការប្រកួតមិត្តភាពទទួលបានជោគជ័យ ហើយសង្ឃឹមថានឹងរៀបចំការប្រកួតនេះបន្តទៀតនៅថ្ងៃខាងមុខ៕