(ភ្នំពេញ)៖ លោក សន សៀប អ្នកជំនាញវិស័យដីធ្លី និងជាអគ្គនាយកក្រុមហ៊ុន Key Real Estate បានឲ្យដឹងថា ក្នុងពេលមានវិបត្តិកូវីដ១៩ ធ្វើឲ្យវិស័យមួយចំនួនបានធ្លាក់ចុះ ក្នុងនោះវិស័យអចលនទ្រព្យ ក៏មានការថមថយតាមតំបន់ និងតាមខេត្តនីមួយៗ ប៉ុន្ដែមិនបានថមថយទាំងស្រុងនោះទេ ជាក់ស្ដែងដីក្នុងខណ្ឌមួយចំនួន ក្នុងទីក្រុងភ្នំពេញមិនបានធ្លាក់ថ្លៃនោះឡើយ។

លោកបានលើកឡើងថា ជាក់ស្ដែងដីក្នុងខណ្ឌដង្កោមិនបានថមថយតម្លៃនោះឡើយ មិនតែប៉ុណ្ណោះថែមទាំងមានសន្ទុះ កើនឡើងរហូតដល់១៧ភាគរយផងដែរ។

ការលើកឡើងបែបនេះរបស់លោក សន សៀប ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការដាក់ឲ្យបើប្រាស់ប្រព័ន្ធតិណូឡូជី របស់ក្រុមហ៊ុនអចលនទ្រព្យ Key Tech នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

លោក សន សៀប បានឲ្យដឹងថា «តាមការសិក្សាវាយតម្លៃឲ្យដឹងថា ដីក្នុងខណ្ឌចំនួន៥នៅភ្នំពេញ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០នេះ មានស្ថេរភាពល្អ មិនត្រឹមតែមិនធ្លាក់ចុះទេ ថែមទាំងមានកំណើនដល់០.៥ភាគរយផងដែរ ប៉ុន្ដែបើសរុបរួមទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ មានកំណើន១.៩ភាគរយ។ នេះជាសញ្ញាមួយដែលមានស្ថេរភាពល្អ សម្រាប់ទីក្រុងភ្នំពេញ»

លោក សន សៀប បញ្ជាក់ទៀតថា ក្នុងខណ្ឌទាំង១៤នេះ ខណ្ឌដង្កោមានសន្ទុះខ្ពស់ជាងគេ កើនរហូតដល់១៧ភាគរយក្នុងឆ្នាំ២០២០ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការកើនឡើងខ្ពស់របស់ខណ្ឌនេះ ដោយសាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នា។

លោកបានបន្ថែមថា «ខ្ញុំយល់ថា ដីក្នុងទីក្រុងភ្នំពេញមិនថមថយ ហើយមានកំណើន ដោយសារតែរាជរដ្ឋាភិបាល បានផ្ដល់លុយចូលហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដូចជា ក្រវ៉ាត់ក្រុង, ព្រលានយន្ដហោះជាដើម ទាំងនេះហើយដែលធ្វើឲ្យតម្លៃដីមានកំណើន»

លោកបន្ថែម ងាក់ទៅមើលដីក្នុងខេត្តសៀមរាបវិញឃើញថា ថមថយរហូតដល់-៥ភាគរយ ដោយសារតែផលប៉ះពាល់លើវិស័យទេសចរណ៍។ ចំណែកឯទីក្រុងព្រះសីហនុ ថមថយរហូតដល់-១០ភាគរយ ដោយសារតែជំងឺកូវីដ១៩, គម្រោងសាងសងមានការរាំងស្ទះ ដោយសារតែកូវីដ១៩ជាដើម។

សូមជម្រាបថា ក្នុងអំឡុងពេលមានវិបត្តកូវីដ១៩នេះ ពិភពលោកបានតម្រូវឲ្យមានការទំនាក់ទំនងគ្នា តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជៀសវាងការឆ្លងជំងឺនេះ។ ប្រព័ន្ធបច្ចេកទេសពិតជាសំខាន់ ក្នុងប្រព័ន្ធការងារ ជាក់ស្ដែងសម្រាប់វិស័យអចនលទ្រព្យនេះ ក៏ត្រូវការជាចាំបាច់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសទំនើបនេះ។

ហេតុដូច្នេះហើយបានជាក្រុមហ៊ុន Key Real Estate ជាក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី ការដាក់ឲ្យបើប្រាស់ប្រព័ន្ធតិណូឡូជីនេះ។ លោក សន សៀប បានឲ្យដឹងថា «ប្រព័ន្ធបច្ចេកវិទ្យាពិតជាសំខាន់ណាស់ ក្នុងវិស័យអចលនទ្រព្យ បើយើងរត់មិនទាន់បច្ចេកវិទ្យាទេ យើងនឹងដើរពីក្រោយគេ។ ជាក់ស្ដែងក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ១៩ មនុស្សមិនសូវចេញក្រៅជួបគ្នាឡើយ ប៉ុន្ដែបើមានប្រព័ន្ធបច្ចេកវិទ្យា សាធារណជនទាំងអស់គ្រាន់តែប្រើប្រាស់ទូរស័ព្ទ ដើម្បីរកព័ត៌មានផ្សេងៗជាការស្រេច»

លោកបានបន្ថែមថា ដូចគ្នាសម្រាប់វិស័យអចលនទ្រព្យ មុនពេលដែលក្រុមហ៊ុនជូនភ្ញៀវ ទៅមើលអចលនទ្រព្យដែលពួកគាត់ពេញចិត្ត ក្រុមហ៊ុនត្រូវរៀបចំទិន្នន័យទុកជាមុន ដើម្បីផ្ញើរជូនអតិថិជនទាំងនោះ និងរងចាំការទទួលយល់ព្រម ឬមិនព្រមពីអតិថិជន។ ធ្វើបែបនេះមានភាពងាយស្រួល ចំណេញពេលវេលា និងចំណាយតិច៕