(កំពង់ឆ្នាំង)៖ ក្រោយពីទទួលបានព័ត៌មាន ពីស្ថានកុមារកំព្រា ៤នាក់ រស់នៅជាមួយជីដូន វ័យចំណាស់អាយុ៧៥ឆ្នាំ ជាចាស់គ្មានទីពឹង ឈ្មោះលោកយាយ មួងតៃ រស់នៅក្នុងជីវភាពជួបកសរលំបាកខ្វះខាតខ្លាំង រស់នៅស៊ីអត់ស៊ីឃ្លាន ខណៈឳពុកទៅមានប្រពន្ធថ្មី និងម្ដាយចេញទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នរស់ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារៈមួយចំនួន ជាអំណោយមនុស្សធម៌របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងនោះរួមមានថវិកា ១,៥០០,០០០រៀល សម្រាប់ជួយដល់លោកយាយ ដើម្បីដោះស្រាយបំណុលជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអិមខេ (AMK) ដែលបានខ្ចីដើម្បីព្យាបាលជំងឺកន្លងមក។
លោកយាយមានកូនស្រីម៉េម៉ាយម្នាក់ ធ្វើចំណាកស្រុករកស៊ី ដើម្បីដោះបំណុលគេ ដែលក្នុងលោកយាយ មានបន្ទុកចិញ្ចឹមចៅ៤នាក់ (ប្រុស២ ស្រី២) ដែលចៅស្រីម្នាក់ត្រូវឪពុកមាចាប់រំលោភ ហើយត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចាត់ឲ្យអភិបាលខេត្ត កំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ធ្វើយ៉ាងណា ចាប់ជនល្មើសចិត្ដតិរច្ឆាននោះឲ្យបាន រួមទាំងរកកន្លែងឲ្យស្នាក់នៅរៀនសូត្រក្នុងមណ្ឌលកុមារកំព្រា រួមជាមួយចៅ២នាក់ទៀត ដោយទុកចៅប្រុសម្នាក់អាយុ១២ឆ្នាំ នៅថែទាំលោកយាយ ។
លោកស្រី អគ្គលេខាធិការរងទី១ បានឆ្លៀតឱកាសនោះផងដែរ ចុះទៅសួរសុខទុក្ខ និងចែកអំណោយរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ចាស់ជរាក្រីក្រ និងគ្រួសារពិការក្នុងភូមិចំនួន ១៣ គ្រួសារទៀត ដែលស្ថិតក្នុងភូមិ ឃុំខាងលើ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕