(ភ្នំពេញ)៖ លោក ថង សាម៉ុន អគ្គនាយករងនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាល បានលើកឡើងថា ការសិក្សាមុខវិជ្ជាបច្ចេកទេស នឹងជំរុញឲ្យយុវជន-យុវនារី អាចវិវត្តន៍ខ្លួនឈានឆ្ពោះទៅជាសហគ្រិនភាពនៅថ្ងៃអនាគត ដោយសារតែមុខវិជ្ជានេះ ការសិក្សាផ្ដោតសំខាន់ លើការអនុវត្តន៍ សិក្សានូវបច្ចេកទេសថ្មីៗរហូត ដូច្នេះនិស្សិតមានភាពងាយស្រួល បន្ទាប់ពីបញ្ចប់ការសិក្សា ក្នុងការធ្វើការងារ ឬបង្កើតអាជីវកម្មដោយខ្លួនឯង។
លោក ថង សាម៉ុន បានឲ្យដឹងថា «ការសិក្សាមុខវិជ្ជាបច្ចេកទេស នឹងអាចជួយសិស្សនិស្សិត ក្លាយខ្លួនជាសហគ្រិននៅថ្ងៃអនាគត ព្រោះថាការសិក្សាបច្ចេកទេសនេះ អាចឲ្យសិស្សបង្កើតអាជីវកម្មខ្លួនឯងបាន និងធ្វើជាថៅកែដោយខ្លួនឯង»។
លោកបានបន្ដថា តែទោះជាយ៉ាងណាក៏មាន មតិមួយចំនួនយល់ខុសថា ការសិក្សានូវមុខវិជ្ជាបច្ចេកទេសនេះ បានត្រឹមតែធ្វើកម្មករ មិនអាចក្លាយជាសហគ្រិនភាព នេះជាគំនិតមិនត្រឹមត្រូវ។ មិនត្រឹមត្រូវត្រង់ថា រៀនមុខវិជ្ជាបច្ចេកទេស និងវិជ្ជាជីវៈនេះ ឱកាសក្លាយជាសហគ្រិនភាពខ្ពស់ជាង ការសិក្សាលើជំនាញធុរកិច្ច, សេដ្ឋកិច្ច ឬពាណិជ្ជកម្មផ្សេងៗ ដោយសារតែការសិក្សាមុខវិជ្ជានេះ ផ្ដោតលើការអនុវត្តន៍ដោយផ្ទាល់ និងបញ្ចប់ការសិក្សាចេញធ្វើការតែម្ដង មិនត្រូវការពេលវេលាច្រើន។ ជាក់ស្ដែងដូចនិស្សិតដែលសិក្សាការបោះពុម្ព នៅពេលដែលបញ្ចប់ការសិក្សា និស្សិតអាចបើកអាជីវកម្ម រោងពុម្ពដោយខ្លួនឯង។
លោក ថង សាម៉ុន បានបន្ដថា នៅតាមសាលាបច្ចេកទេស មានបំពាក់ឧបករណ៍សិក្សាទំនើបៗ ដែលទីផ្សារការងារកំពុងប្រើប្រាស់ ដើម្បីឲ្យនិស្សិតសិក្សាចប់ អាចធ្វើការងារនេះបានតែម្ដង។ ការសិក្សាបច្ចេកទេសនេះ ក៏មានបញ្ចូលកម្មវិធីស្ដីពីសហគ្រិនភាព, ការរកស៊ី, ការធ្វើអាជីវកម្ម ដើម្បីឲ្យសិស្សមានគំនិតស្រាប់ បន្ទាប់ពីបញ្ចប់ការសិក្សា អាចបង្កើតអាជីវកម្មដោយខ្លួនឯងបាន។
លោកបញ្ជាក់ថា មួយវិញទៀតតម្រូវការទីផ្សារការងារ សម្រាប់អ្នកបច្ចេកទេសមានធំធេងមែនទែន ព្រោះថា អ្នកសិក្សាលើមុខវិជ្ជានេះមានតិចតួចប៉ុណ្ណោះ ដោយក្នុងមួយឆ្នាំអ្នកបញ្ចប់ការសិក្សា មានត្រឹមតែជាង១ម៉ឺននាក់ប៉ុណ្ណោះ ដែលសិក្សាលើវិស័យផ្សេងៗដូចជា៖ សំណង់, អគ្គិសនី, បរិក្ខារត្រជាក់, អេឡិចត្រូនិចជាដើម ដែលវិស័យទាំងនេះទីផ្សារកំពុងមានតម្រូវការ ប៉ុន្ដែការសិក្សាមានតិចតួចប៉ុណ្ណោះ។
លោកឲ្យដឹងថា «តម្រូវការទីផ្សារនៃអ្នកបច្ចេកទេស ពិតជាមានតម្រូវការច្រើនទាំងបច្ចុប្បន្ន និងអនាគត ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ការសាងសង់, ការបើកសហគ្រាស ការអភិវឌ្ឍន៍លើវិស័យផ្សេងៗនៅតែបន្ដមាន និងសុទ្ធសឹងតែត្រូវការអ្នកបច្ចេកទេស»៕