(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អមដំណើរដោយលោកស្រីជាអ្នកតំណាងរាស្ត្រ អស់លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុកសំបូរ រួមជាមួយលោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការស្រុកសំបូរ បានចុះទៅជួបមេឃុំ សមាជិកគណបក្សឃុំ និងអស់លោក លោកស្រីជាមេភូមិ អនុភូមិ និងសមាជិកភូមិរដ្ឋបាលចំនួន ១៤ភូមិ និងតំណាងភូមិឧបសម្ព័ន្ធចំនួន ១៥ភូមិ ស្ថិតក្នុងឃុំបឹងចារ កំពង់ចាម និងវឌ្ឍនៈ នៃស្រុកសំបូរ ខេត្តក្រចេះ។
ការចុះទៅធ្វើសកម្មភាពនៅមូលដ្ឋាននេះ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សស្រុកសំបូរ គឺស្ថិតក្នុងគោលបំណងដើម្បីជួយគាំទ្រមន្ត្រីភូមិ ឃុំ ក្នុងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីរបាយការណ៍របស់លោក សូម សារិត អភិបាលស្រុកសំបូរ និងការចូលរួមយោបល់របស់អស់លោក លោកស្រីមេឃុំ មេភូមិ និងតំណាងភូមិមួយចំនួនរួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់អង្គប្រជុំដោយប្រមូលផ្តុំលើចំណុចសំខាន់ទាំង៣ នៃដំណើរការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សក្នុងឆ្នាំ២០២០នេះ ដើម្បីធានាឱ្យបានភាពម៉ត់ចត់ ត្រឹមត្រូវ និងសបញ្ជាក់ឱ្យបានពិតប្រាកដនូវគុណភាពសមាជិកគណបក្ស ដែលជាប្រៀប និងកំលាំងនយោបាយរបស់យើងសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕