(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា អមដំណើរដោយ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រូពេទ្យជិត១០០នាក់ ដោយនាំយកសម្ភារ:ផ្តល់ជូនរួមមាន៖ អាវរងារ របាំងមុខ ,សៀវភៅក្រមង៉ុយ ព្រមទាំងថវិកា ជូនដល់មណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកស្រុកតំបែរ ដើម្បីបន្តពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្កលិក នៃការិយាល័យសុខាភិបាលស្រុកតំបែរទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់។
លោក ចាយ បូរិន បានថ្លែងថា សម្ភារន
ដែលនាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកតំបែរ។
លោក ចាយ បូរិន ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយទោះបីពិភពលោករកឃើញវ៉ាក់សាំងការពារក្តីក៏យើងនៅតែប្រុងប្រយ័ត្នជានិច្ច។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាននោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាស់អោយបានជាប្រចាំ។
បន្ទាប់មកលោក ចាយ បូរិន បានបន្តចុះត្រួតពិនិត្យមើលការដ្ឋានដែលកំពុងតែដំណើរការសាងសង់អគារមន្ទីពេទ្យបង្អែកស្រុកតំបែរថ្មី ដែលឧបត្ថម្ភដោយលោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ព្រមទាំងសាកសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសំរាកព្យាបាលជម្ងឺនៅទីនោះផងដែរ៕