(ព្រៃវែង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងគណបក្សប្រជាជនកម្ពុជាស្រុក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។ កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ដោយការចូលរួមពីសំណាក់លោកស្រី ជាអ្នកតំណាងរាស្ត្រ អស់លោក លោកស្រី ជាមន្ត្រីដឹកនាំតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិដែលជាអនុប្រធានក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ ប្រធាន និងសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក អភិបាលស្រុក ប្រធានសាខាបក្សការិយាល័យជុំវិញស្រុក ប្រធានសាខាបក្សតាមសាលារៀន ប្រធានគណបក្សឃុំ ប្រធានគណៈសាខាបក្សភូមិទាំង១០៨ សរុបមានអ្នកចូលរួមចំនួន២៨៩នាក់។
បន្ទាប់ពីរបាយការណ៍របស់លោក ម៉ៅ អ៊ាង ស្តីពីសកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០២១ របស់ក្រុមការងារ និងគណបក្សស្រុកបាភ្នំរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងគូសបញ្ជាក់នូវចំណុចសំខាន់ៗ នៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ ព្រមទាំងទិសដៅភារកិច្ចឆ្នាំ២០២១ ដោយយោងតាមឯកសារលេខ ០១/០១២១ រប.គក ចុះថ្ងៃទី១៩ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។
ជារួមក្រោយពេលដែលបានត្រងត្រាប់រៀនសូត្រតាមការវាយតម្លៃសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លើសភាពការណ៍ឆ្នាំ២០២០ អង្គប្រជុំទាំងមូលបានប្តេជ្ញារួមសាមគ្គីជាធ្លុងមួយ ដើម្បីជំរុញអនុវត្តឲ្យបានសម្រេចដោយជោគជ័យនូវរាល់ទិសដៅ ភារកិច្ចឆ្នាំ២០២១ សំដៅបន្តពង្រឹងប្រៀប និងកម្លាំងនយោបាយរឹងមាំរបស់ស្រុកបាភ្នំទាំងមូល សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ៕