(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះជួយអន្តរាគមន៍ភ្លាមៗ នូវគ្រោះអគ្គិភ័យបំផ្លាញផ្ទះ និងឃ្លាំង របស់ប្រជាពលរដ្ឋភ្លាមៗ នារសៀលថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកងដឹកនាំដោយ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យទាំង១០គ្រួសារ នៅភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ វេលាម៉ោង១២ និង៤០នាទីទៀបភ្លឺ ។
ក្នុងនោះ ក៏មានការចូលរួមពីលោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងមានការចូលរួមពីលោកស្រីអនុប្រធាន, លោក សួន ស៊ីទៀង នាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារ តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដោយក្នុងនោះក៏បានចូលរួមឧបត្ថម្ភក្នុងម្នាក់១០០,០០០ៀល, លោក លី ពូ ចៅសង្កាត់ទួលស្វាយព្រៃទី១ ឧបត្ថម្ភ១០០,០០០រៀលផងដែរ សមាជិកសមាជិការយុវជនស្ម័គ្រចិត្តព្រមទាំងមានកិច្ចសហការពីក្រុមកាកបាទក្រហមសង្កាត់ទួលស្វាយព្រៃទី១ ។
លោក ធឹម សំអាន បានសម្តែងការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលកើតឡើង និងបានអំពានាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះភ្លើងចង្រ្កាន ទាន ធូប និងប្រព័ន្ឋភ្លើង អគ្គិសនី ព្រោះវានឹងងាយកើតឡើងនូវគ្រោះអគ្គិភ័យ ដែលវានឹងបំផ្លិចបំផ្លាញផ្ទះសម្បែងខ្ទេចខ្ទីអស់ ដូចពាក្យចាស់លោកពោលថាស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។
ក្នុងនោះដែរ ប្រជាពលរដ្ឋរងគ្រោះទាំង ១០គ្រួសារ បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ពិសេស លោក ឃួង ស្រេង អភិបាលរាជធានី និង អភិបាលខណ្ឌដែលបាននាំយក អំណោយកាកបាទក្រហម ជួយឧបត្ថម្ភបានទាន់ពេល វេលា។ ជាទូទៅនៅពេល ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមាន ជួបហេតុការណ៍អាសន្នផ្សេងៗ លោក ធឹម សំអាន បានយកចិត្តទុកដាក់កៀងគរ សប្បុរសជននានា នាំយកអំណោយជួយឧបត្ថម្ភប្រជាពលរដ្ឋក្នុងមូលដ្ឋានទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ក្នុងការគិតគូរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានអោយដឹងថា អំណោយក្នុង១គ្រួសារទទួលបាន៖
- អង្ករ២៥គីឡូក្រាម
- មី១កេស
- ទឹកសុទ្ធ១កេស
- ទឹកត្រី១យួរ
- ទឹកសុីអុីវ១យួរ
- ស្ករស១គីឡូ
-កន្សែង១
-សារ៉ុង១
-ក្រមា១
-ប្រេងឆា១ដប
-ទឹកដោះគោខាប់២កំប៉ុង
- ម៉ាស១០សន្លឹក ជែល១ដប ទឹកអាល់កុល១ដប
- ថវិកា២៥០,០០០(ម្ភៃប្រាំមុឺនរៀល)។