(កណ្តាល)៖ លោក កែវ រ៉េមី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកអំបិល និងក្រុមការងារអមដំណើរជាច្រើនរូប បានចុះចែកនូវអំណោយរបស់ឧបនាយរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្អាង ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១៥០គ្រួសារ ក្នុងឃុំព្រែកអំបិល។ ការចែកអំណោយបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ទីតាំងវត្តព្រែកអំបិល។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅថ្ងៃនេះ លោក កែវ រ៉េមី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជូនប្រជាពលរដ្ឋនៅឃុំព្រែកអំបិល។
លោក កែវ រ៉េមី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវបង្កើនការដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វ ជាពិសេសត្រូវចូលរួមបំផុសចលនាមហាជនបង្កើនការដាំដុះនេះអោយបានកាន់តែច្រើន សម្រាប់អាហារសុខភាព និងចំណូលជីវភាពប្រចាំគ្រួសារ។
ជាមួយគ្នានេះដែរលោកបានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកលាងដៃ ម៉្យាងទៀតប្រសិនមានបងប្អូនកូនចៅដែលត្រលប់ពីបរទេសនោះសូមអោយពួកគាត់ធ្វើចត្តាលីស័កចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិន មុននឹងជួបក្រុមគ្រួសារឬប្រពន្ធកូន ដើម្បីការពារចំពោះការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។
លោក កែវ រ៉េមី ក៏បានលើកឡើងថា កន្លងមកថ្មីៗលោកបានជួបអង្គទូតប្រចាំប្រទេសកម្ពុជា និងអង្គទូតតាមបណ្តាប្រទេសមួយចំនួនបានកើតសរសើនូវវិធានការដ៏ល្អរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកមដោយប្រសិទ្ធិភាពខ្ពស់ ចំពោះការបញ្ជៀសបានរាល់បញ្ហាគ្រោះមហន្តរាយនានា(គ្រោះទឹកជំនន់កន្លងមក) និងការការពារ ទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ដែលក្នុងនោះរាជរដ្ឋាភិបាលបាននិងកំពុងត្រៀមបំរុងវ៉ាក់សាំងការពារដែលបានជំនួយពីប្រទេសចិន និងប្រទេសអូស្ត្រាលីផងដែរ។
គ្រួសារដែលទទួលបានអំណោយ ពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន៖ អង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ប្រេងឆា២ដប អំបិល២គីឡូក្រាម ម៉្សៅសាប៊ូ ២កញ្ចប់ សាប៊ូលាងចាន១ដប និងទឹកត្រី ៦ដប។
ការចំណាយក្នុងកម្មវិធី របស់លោក កែវ រ៉េមី និងក្រុមការងារ មានដូចជា៖
* ផ្តល់ថវិកាជូនគណបក្សឃុំ ២,០០០, ០០០រៀល សម្រាប់ប្រើប្រាស់នៅស្នាក់ការបក្សឃុំព្រែកអំបិល។
* ផ្តល់ថវិកា សម្រាប់ កាត់អាវជូន សសយក ១៣០នាក់ អស់ទឹកប្រាក់ចំនួនន ១,៣០០ដុល្លារ។
* ចែកជូនក្រុមប្រឹក្សាឃុំ ១១នាក់ មេភូមិ ១៦នាក់ នគរបាល ប្រជាការពារ១០នាក់ ក្រុមការងារ សសយក ១៩ នាក់ និងយុវជនគណបក្សឃុំ៥នាក់ សរុប ៦១នាក់ ម្នាក់ ២០,០០០រៀល សរុបរួមចំនួន ១,២២០,០០០រៀល។
* ចំណាយកម្មវិធីផ្សេងៗ អស់ចំនួន ៧៥០,០០០រៀល៕