(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅឯមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) មានការជួបជុំទ្រង់ទ្រាយធំមួយពីសំណាក់ថ្នាក់ដឹកនាំជាខ្មែរឥស្លាម ដែលមានថ្នាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត មេដឹកនាំ គណៈអ៉ីម៉ាំ (មេគណ) រាជធានី-ខេត្តទាំង២៤ និងគណៈអ៉ីម៉ាំ (អនុគណ) ក្រុង ស្រុក ខណ្ឌទាំង៥៧។
កិច្ចប្រជុំក្រោមប្រធានបទ «ការពង្រឹងកិច្ចការឥស្លាមកម្ពុជា» បានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ក្រោមការអញ្ជើញជាគណៈអធិបតីដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។
កិច្ចប្រជុំជជែកពិភាក្សាកិច្ចការឥស្លាមកម្ពុជា សំដៅពង្រឹងនូវភាពសុខដុមបនីយកម្ម ជាតិសាសន៍ និងសាសនា ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានកសាងរក្សា ការពារ សន្តិភាព សុខដុមបនីយកម្មនេះ អស់រយៈពេល ជាង៣ទស្សវត្សកន្លងមកហើយ។ នេះបើយោងតាមការបញ្ជាក់ ពីលោកបណ្ឌិត អូស្មាន ហាស្សាន់។
បន្ទាប់ពីបានអញ្ជើញមានរបាយការណ៍ស្វាគមន៍ ដោយលោក សុះ មុះសិន សមាជិកសភាជាតិ នៃកម្ពុជា និងជាអនុប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ, លោកឧកញ៉ា សុះ កំរ៉ី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជាគណៈអ៊ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ឲ្យបន្តការយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការកសាងសមិទ្ធផលនានាក្នុងសហគមន៍ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវដើរតួនាទីសំខាន់ ជាមេដឹកនាំល្អ មានភាពយុត្តិធម៌ ច្បាស់ការ ផ្តល់ភាពកក់ក្តៅជូនបរិស័ទរបស់ខ្លួន។
លោកឧកញ៉ា បានអំពាវនាវដល់គណៈអ៉ីម៉ាំគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់សកម្មភាពសមាគម អង្គការមួយចំនួន ដែលមានសកម្មភាពកសាងសមិទ្ធផលសាសនា ផ្ទួនៗគ្នា ក្នុងភូមិតែមួយ ជាពិសេសការកសាងវិហារ២ ឬ៣ក្នុងភូមិតែមួយ ដែលបណ្តាលឲ្យមានបញ្ហាបែកបាក់ជាក្រុមក្នុងសហគមន៍ ក្នុងភូមិតែមួយ ដែលអាចធ្វើឲ្យមានបញ្ហាស្មុគស្មាញ មានផលវិបាកក្នុងកិច្ចការសម្របសម្រួល គ្រប់គ្រង និងនាំការលំបាកដល់អជ្ញាធរផងដែរ។
លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំឥស្លាមកន្លងមក រហូតដល់បច្ចុប្បន្ន ដែលសម្រេចបាននូវផ្លែផ្កា សមិទ្ធផលនានាជាគុណប្រយោជន៍ជាច្រើន ជូនសហគមន៍របស់ខ្លួន ដែលពុំបង្កបាតុភាពណាមួយ ឈានដល់ការថ្នាក់ថ្នាក់ ខកចិត្តដល់ថ្នាក់ដឹកនាំកំពូលរបស់ជាតិឡើយ។ លោកជំរុញ និងលើកចិត្តឲ្យខំប្រឹងសហការគ្នា រួមគ្នាជាកម្លាំងចលករ ឲ្យកាន់តែរឹងមាំឋិតឋេរបន្តទៅមុខ ដើម្បីជាតិសាសន៍យើង និងសង្គមយើងទាំងអស់គ្នា។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ មានភារកិច្ចសហការគ្នាសម្របសម្រួល ពង្រឹងកិច្ចសហការល្អ ជាមួយអជ្ញាធរ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានានា ក្នុងសហគមន៍ និងកសាងសាមគ្គីភាពផ្ទៃក្នុង បញ្ចៀសពីបញ្ហាបែកបាក់ បញ្ហាអសន្តិសុខ និងវិបត្តផ្សេងៗ និយាយរួម គឺការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបានរួមចំណែកក្នុងការកសាងសង្គមជាតិទាំងមូល ក្នុងនាមជាកូនខ្មែរ ដែលរួមរស់ក្រោមម្លប់តេជោសន្តិភាពជាមួយគ្នា៕