(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរាប់ម៉ោង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដោយរថយន្តពី៤ ទៅ ៥គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅម្តុំចំណោទយាយម៉ៅ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបណ្តាលឲ្យប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ផ្លូវជាតិមួយនេះ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកភ្នំពេញវិញមានការយឺតយ៉ាវ និងខកដំណើរគ្រប់ៗគ្នា។
ក្រោយកើតហេតុភ្លាមៗ គេឃើញមានសមត្ថកិច្ចពាក់ព័ន្ធ បានទៅជួយអន្តរាគមន៍ផងដែរ ដើម្បីអាចធ្វើដំណើរឆ្លងកាត់បាន ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃដដែលនេះ ការកកស្ទះចរាចរណ៍នៅតែកើតមាន និងចំងាយផ្លូវនៃការកកស្ទះនោះរាប់សិបគីឡូម៉ែត្រ។
អ្នកដំណើរមួយចំនួនដែលកំពុងកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ៤ និងបានខកពេលរាប់ម៉ោងផងដែរនោះ បានបាញ់រូបភាពនៃទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍មកកាន់អង្គភាពព័ត៌មាន Fresh News ដើម្បីសុំឲ្យជួយចុះផ្សាយ។ ក្រៅពីការបញ្ជូនរូបភាព នៃការកកស្ទះទាំងនេះ ប្រជាពលរដ្ឋទាំងនោះ ក៏សូមទទូចឲ្យសមត្ថកិច្ច និងអាជ្ញាធរជួយពន្លឿន នៃការជួយសម្រួលចរាចរណ៍ឲ្យបានឆាប់ ដើម្បីឲ្យពួកគាត់ទាំងអស់អាចធ្វើដំណើរដល់គោលដៅបានទាន់ពេល។
បើតាមប្រជាពលរដ្ឋខ្លះទៀត ក៏សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច បើអាចជួយបើកផ្លូវរបស់ក្រុមហ៊ុនចិនដែលកំពុងធ្វើផ្លូវល្បឿនលឿន ដើម្បីបានបើកវៀងមួយរយៈខ្លី ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍មួយនេះ។
ជុំវិញបញ្ហានេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងសមត្ថកិច្ចរបស់លោកបានជួយសម្រួល និងអាចធ្វើដំណើរទៅមកបានហើយ។ បើតាមលោកស្នងការ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តចំនួន៤គ្រឿង បាន បុកគ្នា ហើយគាប់ជួនមានរថយន្តមួយគ្រឿងទៀត ក៏ខូចនៅទីនោះទៀត។
ប្រជាពលរដ្ឋខ្លះថា បើរថយន្តដឹកអ្នកជំងឺវិញ នឹងកាន់តែប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង ដល់អ្នកជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។ សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ តែងជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយការបើកបរ មិនប្រុងប្រយ័ត្ន ហើយពេលជួបគ្រោះថ្នាក់ចរាចរណ៍ម្តងៗ តែងបង្កការកកស្ទះចរាចរណ៍រាប់ម៉ោង ទំរាំដោះស្រាយរួចពីសមត្ថកិច្ចជំនាញ៕