(កណ្ដាល)៖ អគ្គិភ័យមួយបានលេបត្របាក់ឃ្លាំងស្តុកអេតចាយមួយរបស់ឧកញ៉ា ឡាច ទូច ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។
លោក ផាន់ វណ្ណី នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានអគ្គិភ័យឆាបឆេះភ្លាម លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាភ្លាមដល់កម្លាំងអគ្គិភ័យ, កម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកលើកដែក, ស្រុកកៀនស្វាយ ព្រមទាំងក្រុមសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះមានការជួយផងដែរពីឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកពាមរោទ៍ ខេត្តព្រៃវែង ធ្វើការដុតដៃដុតជើងបន្ទាន់នៅក្នុងការចេញរថយន្តពន្លត់អគ្គិភ័យទៅសង្គ្រោះបន្ទាន់។
នៅពេលដែលទៅដល់ភ្លាម ក្រុមការងារបានបាញ់ទឹកពន្លត់ដែលកំពុងតែឆាបឆេះឃ្លាំងស្តុកអេតចាយដ៏ធំសម្បើម រហូតគ្រប់គ្រងបានល្អក្រោយពេលបាញ់រថយន្តអស់ចំនួន២០ឡានរួចមក។
លោកបានបញ្ជាក់ទៀតថា ចំពោះមូលហេតុ នៃការបង្កឲ្យកើតមានអគ្គិភ័យនេះគេពុំទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលឃ្លាំងស្តុកទំនិញរងការខូចខាត ហើយមិនមានការធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬរងគ្រោះទៅណាទៅបុគ្គលិកណាម្នាក់នោះឡើយ៕