(ភ្នំពេញ)៖ បុរសម្នាក់បានចេញវីដេអូសុំទោស និងទទួលស្គាល់កំហុស ក្រោយរូបគេបានធ្វើការរិះគន់ និងជេរប្រមាថសមត្ថកិច្ចនៅតាមបណ្តាញសង្គម Facebook និង TikTok ដែលមិនមានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្ន ងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះថា ក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើគណនីហ្វេសបុកឈ្មោះ BonLinll និងបណ្តាញសង្គម TikTok កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលផុសព័ត៌មានមិនពិត ដោយបាននិយាយមើលងាយ ជេរប្រមាទ និងចោទប្រកាន់មកលើសមត្ថកិច្ច ផ្ទុយពីការពិតទាំងស្រុង។
លោកបន្តថា «រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញបុគ្គលនេះ ហើយឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ក៏បានចូលខ្លួនមកបកស្រាយបំភ្លឺ និងទទួលកំហុសរបស់ខ្លួនដែលបាន ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ BonLinII និងTikTok ជាវីដេអូ ធ្វើការបង្ហាះពត៌មានមិនពិត ដោយបាននិយាយខុសពីការពិតទាំងស្រុង ក្នុងគោលបំណងអាក្រក់មើលងាយ ចោទប្រកាន់ និងបង្ខូចដល់កិត្តិយសរបស់សមត្ថកិច្ច បន្ទាប់ពីបុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យដោយបានល្មើសច្បាប់ចរាចរណ៍ (ពុំបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទីរសៀល ត្រង់រង្វង់មូលផ្សារដើមថ្កូវ។
បន្ទាប់ពីសមត្ថកិច្ចបានផាកពិន័យត្រឹមត្រូវតាមច្បាប់ បុគ្គលរូបនេះក៏មានការខឹង និងខ្វះការពិចារណាក៏បានបង្ហាះសារជាវីដេអូលើហ្វេសបុក និង TikTok របស់ខ្លួន នូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារប្រមាទមើលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចនគរបាលជាតិទាំងមូលផងដែរ។
ម្ចាស់ហ្វេបុក និង TikTok រូបនេះបានសារភាព ទទួលស្គាល់កំហុស និងសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅហើយ។ អាស្រ័យហេតុនេះសូមបងៗ សមត្តកិច្ចក៏ដូចជាប្រជាពលរដ្ឋទួទៅមេត្តាយោគយល់ និងអនុគ្រោះលើកលែងទោសដល់រូបគាត់ផង។
ជាចុងបញ្ចប់ម្ចាស់ហ្វេបុករូបនោះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៏ឲ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតទ្រព្យសម្បត្តិរបស់ខ្លួនឯងនិងអ្នកដ៏ទៃ ។ ក្រោយពីបានចូលខ្លួនមកសារភាព កំហុស និងសំទោសជាសាធារណ: ក៏ដូចជាការណែនាំអប់រំ ធ្វើកិច្ចសន្យារួមមក សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលរូបនេះត្រឡប់ទៅគេហដ្ឋានវិញ ប៉ុន្តែប្រសិនបើនៅមានករណីដូច្នេះជាលើកទី២ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវីច្បាប់៕