(បន្ទាយមានជ័យ)៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក បានចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។
ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំងពីរទីតាំងខាងលើលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានខិតខំស្ថាបនាផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់ឡើងវិញជូនប្រជាពលរដ្ឋធ្វើដំណើរឱ្យបានងាយស្រួល។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញដល់កំលាំងវិស្វកម្មកងទ័ពជើងគោក ឱ្យបន្តខិតខំស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយធានាបានទាំងបរិមាណ គុណភាព និង សោភ័ណភាពផងដែរ។
តាមរបាយការណ៍របស់ ឧត្តមសេនយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងថា ការស្ថាបវានាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅនេះ ត្រូវវបានកម្លាំងវិស្វកម្មកងទ័ពជើងគោកដឹកនាំកម្លាំង និងគ្រឿងចក្រចុះបំពេញភារកិច្ចកាលពី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ។
កងវិស្វកម្មកងទ័ពជើងគោក បានប្រើប្រាស់រថយន្ត គ្រឿងចក្រសរុប ១៧គ្រឿង។ ជាលទ្ធផលការងារមកដល់ថ្ងៃនេះ បានធ្វើការឈូស ឆាយ និងដឹកគ្រួសចាក់ផ្លូវបានប្រវែង សរុប ៣៦០១ម៉ែត្រ លើចំងាយផ្លូវសរុបប្រវែង ៩៣០០ម៉ែត្រ។ ក្រៅពីនេះកម្លាំងវិស្វកម្មបានកៀរ កិនគ្រួសក្រហមបានប្រវែង សរុប ១៨០០ម៉ែត្រ។
បន្ទាប់ពីបានចុះត្រួតពិនិត្យការដ្ឋានស្ថាបនាស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅល្ងាចថ្ងៃដដែលនោះ លោក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរបានបន្តដំណើរអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវដែលរងការខូចខាតដោយ គ្រោះទឹកជំនន់ ស្ថិតនៅឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយជ័យបន្តទៀត។
ជាលទ្ធផល កងវិស្វកម្មកងទ័ពជើងគោកសម្រេចបាន ក្នុងការស្ថាបនាផ្លូវ ស្ថិតនៅក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក វាយតម្លៃជារួមសំរេចលទ្ធផលបានចំនួន៦០%។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អមដំណើរដោយមេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់កងទ័ពជើងគោកជាច្រើនរូបទៀត អញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ ឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៕