(កំពង់ចាម)៖ បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ097 Metfone ម្នាក់បានធ្លាក់ស្លាប់មួយរំពេច ខណៈដែលជនរងគ្រោះ កំពុងឡើងតខ្សែកាប្តិ៍ នៅលើបង្គោលភ្លើងដែលមានកម្ពស់៨ម៉ែត្រ ស្រាប់តែដាច់ខ្សែក្រវ៉ាត់ការពារ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្បាលស្ពានពង្រ ភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ វីសុភាច អាយុ២០ឆ្នាំ។ បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះ បានឡើងទៅលើបង្គោលភ្លើងដែលមានកម្ពស់៨ម៉ែត្រ ដើម្បីតខ្សែកាប្តិ៍ ដោយមានការពាក់ខ្សែក្រវ៉ាត់ដូចសព្វរាល់ដង ស្រាប់តែកំពុងតនោះខ្សែក្រវ៉ាត់ការពារបានដាច់ ក៏ធ្លាក់ជនរងគ្រោះមកក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើបង្គោលភ្លើងប្រាកដមែន។
ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕