(កំពង់ឆ្នាំង)៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បានធ្វើពិធីប្រកាសតែងតាំង និងសម្ពោធសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) លោក លុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាតំណាងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះក៏មានការចែកអំណោយដល់មនុស្សចាស់ជរា និងជនក្រីក្រជាច្រើនគ្រួសារផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ម៉ឹង ពន្លក បានបញ្ជាក់ថា ការបង្កើតសមាគមចលនាយុវជនកម្ពុជា១៥៧ គឺក្នុងគោលបំណងចលនាយុវជននៅគ្រប់មូលដ្ឋានជួយប្រជាជន ដែលរងគ្រោះដោយគ្រោះ មហន្តរាយនានា ជួយជនពិការ ជួយចាស់ជរា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ និងពណ៌សម្បុរឡើយ ដើម្បីរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍។
លោកបន្តថា មានសន្តិភាពទើបមានអ្វីៗទាំងអស់ នៅថ្ងៃនេះបើគ្មានសន្តិភាពទេនោះទេ សូម្បីតែសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក៏ពុំមានដែរ។ ដូច្នេះក្នុងនាមយុវជនកម្ពុជា ត្រូវតែចូលរួមក្នុងចលនាយុវជនទាំងអស់គ្នា ដើម្បីរួមគ្នាការពារសុខសន្តិភាពឲ្យបានជាដាច់ខាត។
លោកបានបន្តទៀតថា គិតមកដល់ថ្ងៃនេះសមាគមចលនាយុវជនកម្ពុជា១៥៧ បានកើតមានចំនួន១៤ខេត្តហើយ រាប់ទាំងសាខាក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះផងដែរ ។ ដោយកន្លងមកសមាគមរបស់យើងបានចុះជួយប្រជា ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន ហើយកាលពីឆ្នាំមុននៅខេត្តសៀមរាប សមាគមយើងក៏បានរៀបចំចលនាយុវជនក្នុងខេត្តសៀមរាប ជិះកង់រួមគ្នារៃអង្គាសគ្នាបានប្រាក់ជាង៨ម៉ឺនដុល្លារ យកមកជួយឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ជាមួយគ្នានេះដែរ កាលពី១២ឆ្នាំមុននៅពេលប្រទេសជាតិមានសង្រ្គាម នៅតាមព្រំដែនកម្ពុជាថៃ សមាគមចលនាយុវជនកម្ពុជា របស់យើងក៏បានចលនាឲ្យយុវជននៅទូទាំងប្រទេស និងស្ថាប័ននានារួមគ្នាជួយឧបត្ថម្ភដល់យុទ្ធជននៅសមរភូមិមុខ ធ្វើឱ្យកិច្ចការពារមាតុភូមិរបស់យុទ្ធជនយើងទទួលបានជោគជ័យលើពួកខ្មាំងសត្រូវ ដែលប៉ុនប៉ងកាន់កាប់ទឹកដីប្រាសាទព្រះវិហារ ដែលជាមរតកដូនតារបស់ខ្មែរ។
ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ដែល បានចូលរួមជាអធិបតីក្នុងពិធីនេះ បានថ្លែងថា នៅក្នុងខេត្តកំពង់ឆ្នាំងមានសមាគមជាង១០០ហើយ ដែលមានសមាជិកសរុបជាង៣ម៉ឺនគ្រួសារ និងក្នុងទិសដៅខាងមុខសមាគមទាំងអស់ នៅក្នុងខេត្តនិងពង្រីកសមាជិករបស់ខ្លួនឲ្យបាន២០ម៉ឺនគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់របស់គាត់នៅតាមមូលដ្ឋាន។
លោកសូមអំពាវនាវដល់អាជ្ញាធរគ្រប់មូលដ្ឋាននៅក្នុងខេត្ត សូមសហការជាមួយសមាគមចលនាយុវជនកម្ពុជា១៥៧ និងសហគមន៍ទាំងអស់នៅក្នុងខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើងឲ្យទទួលបានជោគជ័យ និងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ព្រោះថាបើមានសន្តិភាព ទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក ម៉ឹង ពន្លក ក៏បានប្រកាសទទួលស្គាល់លោកស្រី ចាន់ ផល្លីន ជាប្រធានសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសាខាមួយចំនួនទៀត និងបានកាត់ខ្សែបូសម្ពោធបើកទីស្នាក់ការសមាគមចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង និងចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចាស់ជរាចំនួន២០គ្រួសារ ដែលមកពីបណ្តាមូលដ្ឋាននានា ក្នុងនោះអំណោយដែលបានចែកជូនរួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រីគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរ ដើម្បីជួយដោះ ស្រាយការខ្វះ ខាតរបស់ពួកគាត់បានមួយចំណែកផងដែរ៕