(ព្រះវិហារ)៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន៨០នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក យន់ ម៉ានី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំឈានមុខ ស្រុកត្បែងមានជ័យ ដោយមានការចូលរួមពីក្រុមការងារគណបក្សស្រុក ឃុំ ភូមិជាច្រើនរូបទៀត។
លោក យន់ ម៉ានី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្នាក់ខេត្ត ជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងការរស់នៅរបស់សមាជិកគណបក្ស យើងគ្រប់ៗរូប។
លោក យន់ ម៉ានី ក៏បានថ្លែងជម្រាបជូនសមាជិកថ្មី ពីការអភិវឌ្ឍន៍រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសកម្ពុជា តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ លោកថា «បើគ្មានគណបក្សប្រជាជនកម្ពុជា បើគ្មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះទេ ម្ល៉េះប្រទេសជាតិមិនបានទទួលនូវសុខសន្តិភាព ហើយប្រជាពលរដ្ឋ ក៏មិនមានសិទ្ធសេរីភាពដូចពេលនេះទេ»។
ប្រធានក្រុមការងារក៏បានថ្លែងការចូលរួមអបអរសារទរជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំឈានមុខថ្មីទាំង ៨០រូប ដែលបានប្រកាសទទួលស្គាល់នៅពេលនេះ។ លោកថា «ការសម្រេចចិត្តរបស់សមាជិកថ្មីទាំង៨០រូប ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺជាការសម្រេចចិត្តដត្រឹមត្រូវបំផុត និងគ្មានការបង្ខិតខបង្ខំឡើយ ក្នុងទិសដៅយើងមានឱកាសចូលរួមជាមួយគ្នាបម្រើប្រជាជន បម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានឲ្យមានការរីកចម្រើនតទៅទៀត»។
លោក យន់ ម៉ានី បានថ្លែងណែនាំដល់សមាជិកថ្មី ត្រូវប្រែក្លាយការគាំទ្រទៅជាសន្តឹកឆ្នោតមួយសន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា បោះជូនសម្តេចតេជោ ហ៊ុន សែន។ លោកក៏បានថ្លែងការអរគុណក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ដែលបានខិតខំយកចិត្តទុកដាក់គាំទ្រ ក្នុងការចុះជួយដល់សមាជិកបក្សដែលកំពុងជួបការលំបាក និងបានដោះស្រាយសម្ភារ ថវិកា កសាងលំនៅដ្ឋាន អណ្តូងទឹកដល់សមាជិកបក្សដែលកំពុងខ្វះខាតផងដែរ៕