(ភ្នំពេញ)៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺកូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន១១៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀន ដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើសុខភាពមាត់ធ្មេញ អនាម័យសុវត្ថិភាពអាហារក្នុងសាលា និងវិធានការនៃការចម្លងជំងឺកូវីដ-១៩ ដោយអនុវត្ត៣ការពារ គឺពាក់ម៉ាស លាងដៃឲ្យញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និង៣កុំគឺ កុំចូលទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកោះករកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា អ្នកមានជំងឺផ្តាសាយឬសង្ស័យថា មានជំងឺកូវីដ-១៩។
គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគម TYDA ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅទីនេះ។
បន្ទាប់មក ក្រុមការងារបានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ និងសាលាបឋមសិក្សាច្រាំងម្រេះ ដោយក្នុង១សាលាទទួលបាន ឈុតថ្នាំច្រាស ដុសធ្មេញ៤កេស (១១៥២ឈុត) សៀវភៅ៥០ក្បាល ម៉ាស់២០ប្រអប់ (១០០០ម៉ាស់) និងអាកុល១កាដុង (៣០លីត្រ) និងសិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ ដើម និងឈុតច្រាសថ្នាំដុសធ្មេញ២។
សូមបញ្ជាក់ថា នេះគឺជាបេសកកម្មថ្មីមួយទៀត របស់សមាគម TYDA ចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ សិស្សានុសិស្ស។ ជាក់ស្ដែងនៅថ្ងៃនេះ បានអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបចំនួន១៤១នាក់៕