(ព្រៃវែង)៖ លោកឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា កត្តាសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែង មានការរីកចម្រើន លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំស្ដារឡើងវិញនូវប្រទេសពោរពេញទៅដោយស្នូរកាំភ្លើង និងសង្រ្គាមឲ្យទៅជាប្រទេសមានសន្តិភាពពេញលេញ។
លោកថ្លែងបែបនេះនៅក្នុងពិធីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នូវរូបសំណាកព្រហ្មមុខ ៤ ព្រមទាំងសមិទ្ធផលនានានៅក្នុងវិទ្យាល័យហ៊ុនសែនតាគោក ស្រុកព្រះស្ដេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
ពិធីនេះមានការចូលរួមពីលោក ស្វាយ ដូត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី និងមានការនិមន្តពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ បន្តវេន អតីតសិក្សានុ សិស្សជាច្រើននាក់ផងដែរ។
លោកឧកញ៉ា បានបន្តទៀតថា សមិទ្ធផល ព្រហ្មមុខបួន និងសមិទ្ធិផលនានា នៅក្នុងវិទ្យាល័យហ៊ុនសែនតាគោកនេះ គឺជាគ្រឹះនៃវប្បធម៌ អរិយធម៌ជាតិ ព្រមទាំងបង្ហាញនូវការតបស្នងសងគុណនៃការដឹងគុណនៅថ្នាលបណ្ដុះសិក្សា ហើយសមិទ្ធផលនេះគឺមិនត្រឹមតែជាមោទនភាពនៃវិទ្យាល័យប៉ុណ្ណោះនោះទេ ប៉ុន្តែវាបានបង្ហាញនូវគំរូដ៏ល្អប្រពៃដល់សិស្សជំនាន់ក្រោយៗទៀតផងដែរ។
លោកឧកញ៉ា ក៏បានបន្តទៀតថាទោះបីជាសមិទ្ធផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់យ៉ាងណាក្តីផែនការនៃការកែលម្អនៅតែបន្តធ្វើជាបណ្ដើរ ក្នុងការជំរុញឲ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះឲ្យមានការរីកចម្រើនឱ្យទាន់ទៅនឹងសម័យបច្ចេកវិទ្យាជឿនលឿននេះ។
លោកឧកញ៉ា បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕