(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់សមាជិក សមាជិការបស់គណបក្ស ត្រូវណែនាំប្រជាពលរដ្ឋ ឲ្យមានប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្តីពីការការពារការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតានិងពិធីផ្សេងៗ នាពេលខាងមុខនេះ។
ការថ្លែងបែបនេះនៅគ្រាដែលលោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងបានគិតគូរអំពីសុខទុកប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅទូទាំងប្រទេស។
លោកស្រីក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តរឹតបន្តឹងវិធានការដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ និងបន្តរស់នៅ និងធ្វើការតាម គន្លងថ្មីក្រោមទស្សនទានថ្មី និងសូមបន្ត៖
*ទី១៖ ពង្រឹងធ្លុងសាមគ្គី ឯកភាពជាតិ ការពារដាច់ខាត ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីធានាសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
*ទី២៖ ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន បង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ២០២៣។
*ទី៣៖ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យកាន់តែរឹងមាំ និងរាំងស្កាត់សកម្មភាពទុច្ចរិតទាំងឡាយដែលបង្កដោយពួកប្រឆាំង ជ្រុលនិយម មានគោលបំណងញុះញង់ បំផុសបំផុល បង្កអស្ថិរភាព ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតលើមូលដ្ឋានអនុវត្តច្បាប់ម៉ឹងម៉ាត់។ បន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ។
*ទី៤៖ បង្កើនការទ្រទ្រង់ និងជំរុញការអភិវឌ្ឃវិស័យសុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច ការងារ និងវិស័យផ្សេងៗទៀតតាមគន្លងប្រក្រតីកម្មថ្មី។
*ទី៥៖ ជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព៕