(ត្បូងឃ្មុំ)៖ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ដោយមានការចូលរួមពីអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ និងលោក អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអជ្ញាធរសវនកម្មជាតិ បានអញ្ជើញចូលរួមប្រជុំ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ។ ជំនួបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅសាលខេត្តត្បូងឃ្មុំ។
បេសកកម្មរបស់គណៈកម្មការនាពេលនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រនិងការប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការប្រមូលចំណូលថវិកាជាតិដែលជាវិស័យ ទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្តត្បូងឃ្មុំ រួមគ្នារកដំណោះស្រាយ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា គោលបំណងនៃការចុះបំពេញបេសកកម្មនាថ្ងៃនេះគឺដើម្បីក្តាប់សភាពការណ៍ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ខេត្តត្បូងឃ្មុំ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលទាក់ទងការទទួលខុសត្រូវ លើវិស័យទទួលបន្ទុករួមមាន ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណៈកម្មការទី២ នៃរដ្ឋសភា ពិសេសស្វែងយល់ពីបញ្ហាប្រឈមនៃការរីករាលដាលកូវីដ-១៩។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះខេត្តត្បូងឃ្មុំទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជា១.២០៤លានដុល្លារអាមេរិក ទំនិញនាំចេញនាំចូលមានប្រមាណ ៤៥៥លានដុល្លារ (ការនាំចេញប្រមាណ៣៥៣លានដុល្លារ និងការនាំចូល ១០២លានដុល្លារ)។ ដូចនេះកំណើនសេដ្ឋកិច្ច មានការកើនឡើងដោយមានការចូលរួមពីវិស័យចំនួន០៣សំខាន់ៗរួមមាន វិស័យកសិកម្ម៣០.៩% ឧស្សាហកម្ម ២៦.១% និងសេវាកម្ម៤២.៩%។
ដោយឡែកលើការងារហិរញ្ញវត្ថុក្នុងឆ្នាំ២០២០ រដ្ឋបាលខេត្តមានចំណូលថវិកាសរុបប្រមាណ ៧១,៨៤០លានរៀល (ចំណូលពន្ធដារ១៥,៤០២លានរៀល និងចំណូលមិនមែនសារពើពន្ធ៥៦,៤៣៨លានរៀល) និងចំណាយសរុប២៤៣,៨៨៥លានរៀល។ មូលនិធិរដ្ឋបាលខេត្ត ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ បានទទួលថវិកាពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន និងអង្គការដៃគូនានាសរុបចំនួន ៧៦,៥៥៧លានរៀលសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ។ ទន្ទឹមនឹងនោះខេត្តមានបញ្ហាប្រឈមមួយចំនួន ពិសេសមិនទាន់មានធនាគារជាតិនៅក្នុងខេត្តត្បូងឃ្មុំ។
ជាការឆ្លើយតប លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ដែលមានលោកបណ្ឌិតអភិបាលខេត្ត លោក ប្រធានក្រុមប្រឹក្សាខេត្ត ជាក្បាលម៉ាស៉ីនដឹកនាំដ៏ខ្លាំង និងមន្ត្រីរាជការជុំវិញខេត្ត បានខិតខំប្រមូលថវិការជាតិបានយ៉ាងល្អប្រសើរក្នុងការរួមចំណែក ជួយលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនឡើង ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជួបការលំបាកពីការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេគឺបណ្តាប្រទេសអាស៊ាន និងពិភពលោកកំពុងជួបបញ្ហាប្រឈមប៉ះពាល់ដល់សេដ្ឋជាតិ និងអាយុជីវិត។
ជាចុងក្រោយ ចំពោះសំណូមពររបស់ខេត្ត លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងគណៈកម្មការជំនាញនៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជូនសម្តេច ប្រធានរដ្ឋសភា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយជូនផងដែរ៕