(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោលោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាសមាជិកក្រុមការងារគណបក្សចុះជូយខេត្ត ទទួលបន្ទុកស្រុកឧដុង្គ និងស្រុកគងពិសី ព្រមទាំងក្រុមការងារបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២១១នាក់ ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានថ្លែងទៅកាន់សមាជិក សមាជិកាចូលថ្មី នៃគណបក្សប្រជាជនកម្ពុជាថា រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិចាប់តាំងពីថ្ងៃ៧ មករា ១៩៧៩ ដែលបានស្វែងរក និងកសាងដោយលំបាកបំផុត ពីការលះបង់របស់ថ្នាក់ដឹកនាំគ្រប់រូប។
លោកបានបញ្ជាក់សូមឲ្យ សមាជិក សមាជិកាគណបក្សដែលចូលមករួមជីវភាពជាមួយគណបក្ស ក្នុងឱកាសនេះ ខិតខំប្រឹងប្រែងថែរក្សាការពារសមិទ្ធផលទាំងអស់នេះ និងបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិបន្តថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវមោទនភាពប្រកបដោយក្តីសង្ឃឹម ចំពោះភាពក្លាហាន ភាពរឹងមាំនៃសមាជិក សមាជិកា គណបក្ស ក្នុងការឡើងថ្លែងប្តេជ្ញាចិត្តនៅចំពោះមុខអង្គពិធី ដែលនេះបានបង្ហាញពីធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ។
ជាចុងក្រោយ លោកបានផ្តាំផ្ញើដល់សមាជិក សមាជិកាថ្មីទាំងអស់ឲ្យបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាល ដែលជាមេដឹកនាំដែលតែងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនមានប្រវត្តិរត់ទៅណាចោលប្រជាជនឡើយ៕