(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីអនុវត្តន៍ត្រូវខិតខំបម្រើសេវាឲ្យទាន់ពេលវេលា។
ការជំរុញនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសលោកចូលរួមក្នុង ពិធីសំណេះសំណាល ជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងបរិវេណវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសសំណេះសំណាលនេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំច្រណែន និងត្រូវមានការយោគយល់ចំពោះគ្រួសារដែលពិតប្រាកដ ដែលទទួលបានពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩។
លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីដែលគ្រប់គ្រងកម្មវិធីឧបត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ ព្យាយាមបម្រើតាមតម្រូវការ ចុះសម្ភាសន៍ផ្ទាល់ៗ កុំរង់ចាំអស់ពេលបានចុះទៅធ្វើ ពោលគឺគ្រួសារដែលក្រីក្រពិតប្រាកដ គឺទទួលបានសាច់ប្រាក់ឧបត្តម្ភនេះហើយ។
លោករដ្ឋមន្ត្រីបានអំពាវនាវបន្ថែមចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងជីវភាពខ្វះខាត សរុបទូទាំងប្រទេស ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ កុំច្រណែនគ្នា និងចេះយោគយល់គ្នា បានតិចឬច្រើន ហើយត្រូវខិតខំស្វែងការងារ និងបង្កើតមុខរបរធ្វើ ក្នុងការសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសើរវិញ។
លោក វង សូត បានឧបត្តមទឹកប្រាក់ចំនួន ៥០លានរៀលសម្រាប់ជួសជុលព្រះវិហារក្នុងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំផងដែរ៕