(កណ្តាល)៖ ករណីឃាតកម្មកាប់ចិញ្ច្រាំសម្លាប់បុរសម្នាក់ យ៉ាងសាហាឃោឃៅនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីខែមិថុនា ឆ្នាំ២០១៥ ត្រូវសាលាដំបូងខេត្តកណ្តាល នឹងលើកយកមកជំរុះជម្រះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ជនជាប់ចោទ៣នាក់ ដែលត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារជាបណ្តោះអាសន្ន រួមមាន ទី១ឈ្មោះ ជឺ សំណាង អាយុ៣៥ឆ្នាំ ទី២ឈ្មោះ នឿន វ៉ាន់ឌី អាយុ៣៤ឆ្នាំ និងទី៣ឈ្មោះ សរ ពិសី អាយុ២៩ឆ្នាំ ត្រូវដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យពីបទ ឃាតកម្មប្រព្រឹត្តនៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ដែលជាបទល្មើសព្រហ្មទណ្ឌចែងឲ្យ ផ្តន្ទាទោសតាមបញ្ញាតិមាត្រា២៩ និង១៩៩នៃក្រមព្រហ្មទណ្ឌ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទន្ទឹងរង់ចាំជាយូរមកហើយ លើករណីឃាតកម្មសម្លាប់យ៉ាងសាហាវឃោឃៅ នេះជិត១ឆ្នាំ មកហើយដើម្បីចង់បានយុត្តិធម៌។ ពួកគាត់មានជំនឿថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគាត់ដែលរងគ្រោះ នៅក្នុងអំពើឃាតកម្មដ៏សាហាវឃោឃៅនេះ។ សូមរំលឹកថា ករណីឃាតកម្មដ៏សាហាវឃោឃៅនេះ បានកើតឡើងនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះឈ្មោះ គង់ ចាន់និមលស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ មុនពេលកើតហេតុ ជនជាប់ចោទចំនួន៤នាក់ ទី១ ឈ្មោះ សរ ពិសីហៅ សរ តាំង ជាអតីតមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ( ជាមេក្លោង) ទី២ ឈ្មោះ ជឺ សំណាង អាយុ៣៥ឆ្នាំ ទី៣ឈ្មោះ នឿន វ៉ាន់ឌី អាយុ៣៤ឆ្នាំ និងទី៤ ឈ្មោះ នឿន ភារៈ បាននាំគ្នាផឹកស៊ីនៅផ្លូវមុខផ្ទះជនរងគ្រោះ លុះពេលស្រវឹង បានយកដុំថ្មគប់ដំបូលផ្ទះជនរងគ្រោះ ឈ្មោះ គង់ ចាន់និមល ជាច្រើនដង ថែមទាំងបិទភ្លើង។ ពេលនោះជនរងគ្រោះចុះពីលើផ្ទះទៅសួរនាំ នរណាគប់ដំបូលផ្ទះ និងបិទភ្លើងផ្ទះខ្ញុំអត់? ភ្លាមៗនោះឈ្មោះ សរ ពិសីហៅ សរ តាំង បានឆ្លើយថា គ្មានអាណាគប់ដំបូលផ្ទះហ្អែងទេ ហ្អែងចង់ម៉េច ហ្អែងចង់មានរឿងឬ? ហើយឈ្មោះសរ តាំង បានស្ទុះចូលផ្ទះដោយបោះសម្តីថា អញយកកាំភ្លើងបាញ់សម្លាប់វាចោល ប៉ុន្តែម្តាយជនសង្ស័យមិនឲ្យក៏ស្ទុះចុះមកវិញទៅវាយ ជនរងគ្រោះ ហើយបានបញ្ជាឲ្យបក្ខពួក ឈ្មោះ នឿន ភារៈ ត្រូវជាប្អូនឈ្មោះ វ៉ាន ឌី យកកាំបិតបុ័ងតោ មកកាប់លើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅនិងកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះព័ន្ធចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ចំណែកជនសង្ស័យឈ្មោះ នឿន ភារៈ បានរត់គេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ សេង គង់ ចាន់និមល់ ត្រួវបានសមត្ថកិច្ចប្រគល់ជូនទៅប្រពន្ធនិងក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ក្រុមគ្រួសារជនរងគ្រោះ បានថ្លែងអំណរគុណចំពោះកំលាំងសមត្កកិច្ច ដែលបានចេញមកអន្តរាគមន៍ ទាន់ពេលរហូតដល់ ពេលឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ និងសូមឲ្យតុលាការផ្តល់យុតិធម៌ ដល់ពួកគាត់ តាមរយៈការផ្តន្ទាទោសតាមច្បាប់៕