(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាននាំយករទះរុញ និងសម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកស្រី ប្រាក់ មន្ថា ដែលមានកូនពិការភាព ៣នាក់ រស់នៅក្នុងបន្ទុក នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ នេះ នៅខេត្តស្វាយរៀង ។
លោកស្រី ប្រាក់ មន្ថា (ជាស្ត្រីមេម៉ាយ) អាយុ ៥១ឆ្នាំ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ អ៊ុ តេង អាយុ ៤៦ឆ្នាំ មានកូន ៣នាក់ជាចំណងដៃ ក៏ប៉ុន្តែកូនទាំង ៣នាក់នេះ អភ័ព្វណាស់ កើតមកក្រិន ពិការ គម ដៃជើងខ្វិនដូចគ្នា ។
កូនទី ១ ឈ្មោះ តក់ ធារ៉ា ភេទស្រី អាយុ ២៤ឆ្នាំ បានរៀនដល់ថ្នាក់ទី ៥ ក៏ត្រូវបានឈប់រៀន ,កូនទី ២ ឈ្មោះ តក់ ធារី ភេទស្រី អាយុ ២១ឆ្នាំ បានទៅរៀននៅភ្នំពេញ ក្រោមការឧបត្ថម្ភរបស់អង្កការ LAVALA ស្ថិតនៅក្នុងក្រុង តាខ្មៅ និងកូនទី ៣ ឈ្មោះ តក់ រាត្រី ភេទ ប្រុស អាយុ ១២ ឆ្នាំ ពុំទាន់បានចូលរៀននៅឡើយទេ ។ លោកស្រីបានបន្តទៀតថា នៅក្នុងសម័យកូវីដ១៩នេះ លោកស្រីក៏បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈបណ្ណសមធម៌ នៃគ្រួសារកីក្រ (ក្រ២) ចំនួន ៥ខែ រួចមកហើយ ដោយក្នុងមួយខែៗទទួលបាន ១៩២.០០០រៀល ។
លោកស្រីម៉ែន សំអន បានថ្លែងថា ការនាំយកអំណោយមកប្រគល់ជូន នាពេលនេះបន្ទាប់ពីលោកស្រីបានឃើញការអំពាវនាវរបស់លោកស្រី ប្រាក់ មន្ថា បានផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ទើបលោកស្រីបានចាត់ឲ្យ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារដោយផ្ទាល់ និងមានការជួបជុំនាថ្ងៃនេះ ។ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអភិបាលស្រុកកំពង់រោទិ៍ ធ្វើការសម្របសម្រួលក្នុងការនាំយកក្មួយៗបានទៅចុះឈ្មោះចូលរៀននៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ។
អំណោយនាពេលនេះ រួមមាន៖ រទេះរុញ ២គ្រឿង អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី សម្លៀកបំពាក់ ស្ករស ទឹកដោះគោ ទឹកសុទ្ធ មី និងថវិកាមួយចំនួន និងការឧបត្ថម្ភជាប្រចាំខែរបស់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប លោកស្រី ប្រាក់ មន្ថា ក៏សូមគោរពថ្លែងអំណរគុណដល់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាពិសេស ក៏សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានផ្តល់ជារទេះ ស្បៀងអាហារមួយចំនួននាពេលនេះ ។ លោកស្រីក៏បានគោរពជូនពរដល់ សម្តេច លោកលោកស្រី ដែលជាសប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំង ពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕