(កោះកុង)៖ ប្រជាពលរដ្ឋក្រីក្រចំនួន២១គ្រួសារ គ្មានដីរស់នៅ និងអាស្រ័យផលពិតប្រាកដដែលរស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ។
ការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងក្រុមការងារពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំង២១គ្រួសារផងដែរ។
លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងឲ្យដឹងថា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបនាផ្លូវជូនពួកគាត់ ហើយប្រមូលផ្តុំពួកគាត់ឲ្យមានការរស់នូវផាសុខភាព និងពន្យល់ឲ្យពួកគាត់ឈប់កាប់ទន្រ្ទានដីរដ្ឋបន្តទៀតនាំឲ្យមានការប្រឈបមុខទៅនឹងច្បាប់។
លោក សុខ សុទ្ធីបានបន្តថា មុនអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋជូនពួកទាំង២១គ្រួសារ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន បានធ្វើការស្រាវជ្រាវសើុបសង្កេតជាក់ស្តែងថា ពួកគាត់ពិតជាគ្មានដីរស់នៅ និងអាស្រ័យផលពិតប្រាកដមែន ហើយពួកគាត់ចេះតែដើរកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋសង់ខ្ទមជាលក្ខណៈឯកជន និងអាស្រ័យផលកសិកម្ម។ដោយមើលឃើញភាពអាណាធិបតេយ្យក្នុងកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋយ៉ាងដូច្នេះ ទើបអាជ្ញាធរស្រុក សុំគោលការណ៍ទៅអាជ្ញាធរខេត្ត និងថ្នាក់ជាតិដើម្បីសុំគោលនយោបាយដីសម្បទានសង្គមកិច្ចដើម្បីឲ្យពួកគាត់ទាំង២១គ្រួសារបានរស់នៅដោយសមរម្យ និងមានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ក្នុងការបង្កើតរបរកសិកម្មដាំដុះដើម្បីជីវភាពគ្រួសារ។
លោកបានថ្លែងបន្តទៅកាន់ប្រជាពលរដ្ឋថា បើបងប្អូនបានដីសម្បទានសង្គមកិច្ចពីរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ សូមបងប្អូនកុំលក់ដូរឲ្យសោះ ទុកសម្រាប់រស់នៅ និងអាស្រ័យផលកសិកម្ម ហើយឈប់កាប់ទន្រ្ទានដីរដ្ឋបន្តទៀតវានាំឲ្យខុសច្បាប់ហើយមានទោសប្រឈមនឹងមុខច្បាប់ទៀតផង។លោកបានបញ្ជាក់ថាក្រោយពីបានពន្យល់ណែនាំរាល់បទល្មើសនានាពីបញ្ហាផ្លូវច្បាប់ ប្រជាពលរដ្ឋទាំង២១គ្រួសារ ទទួលយកដីសម្បទានសង្គមកិច្ចដោយស្របច្បាប់ដោយក្តីត្រេកអរឥតឧបមា ហើយនេះក៍ជាលើកទី១ដែរ ដែលអាជ្ញាធរខេត្តបានផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ពលរដ្ឋក្រីក្រទាំង២១គ្រួសារ ដែលទទួលសិទ្ធិកាន់កាប់ដីសម្បទានសង្គមកិច្ច ត្រេកអរក្រៃលែងដែលពួកគាត់បានរស់នៅប្រកបអាជីកម្មដោយមិនមានការភិតភ័យ និងប្រឈនមុខផ្លូវច្បាប់បន្តទៀតឡើង។ ហើយបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ស្រុក ដែលបានខិតខំយកចិត្តទុកមកលើពួកគាត់បានដីរស់នៅដោយស្របច្បាប់ទៅថ្ងៃមុខ ហើយពួកគាត់នឹងសន្យាថាមិនកាប់ទន្រ្ទានលើដីរដ្ឋបន្តទៀតឡើយ ៕