(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ១០ រូបដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងអនុវត្ត និងគោរពនូវបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ក្នុងការបម្រើអង្គភាព និងបម្រើប្រជាជន។
ពិធីបំពាក់ឋានន្តរសក្តិដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំនួន ១០រូបខាងលើ រួមមានថ្នាក់វរសេនីយ៍ឯក ចំនួន ៦រូប ,ថ្នាក់ពលបាលឯក ចំនួន ២ រូប និងថ្នាក់នាយឯកចំនួន ២រូប។ ពិធីនេះ បានធ្វើឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នៅ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។
លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល បានថ្លែងថា ការបំពាក់ឋានន្តរសក្តិ និងប្រកាសមុខងារ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងមានទំនុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហានកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំអនុវត្តការងារជូនអង្គភាព ១-ប្តេជ្ញា ខិតខំបំពេញភារកិច្ច អនុវត្តតាមអនុក្រឹត្យលេខ៧៧អនក្រ របស់រាជរដ្ឋាភិបាល ២ - ប្តេជ្ញា ខិតខំអនុវត្តការងារជំនាញ និងរាល់បទបញ្ជារបស់ថ្នាក់លើ ឱ្យបានសម្រេច១០០ភាគរយ ៣ - ប្តេជ្ញា ខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋានដែនដី និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ឱ្យបានល្អ ៤ - សាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ៕