(បន្ទាយមានជ័យ)៖ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ភារកិច្ចគណៈកម្មការរដ្ឋបាលលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់អាជ្ញាធរមូលដ្ឋានវាមានសារៈសំខាន់ណាស់ក្នុងការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក។ នេះបើតាមប្រសាសន៍របស់លោកថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលដោយមានការចូលរួមលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ដ មន្ត្រីពាក់ព័ន្ធជាច្រើនទៀតនៅសាលាឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១។
លោក អាង ណារិទ្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ច គណៈកម្មការរដ្ឋបាលលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់អាជ្ញាធរមូលដ្ឋានលើខ្លឹមសារពាក់ព័ន្ធការងារចុះបញ្ជីដីធ្លី និងអនុក្រឹត្យលេខ៤៦ និងអនុក្រឹត្យ១១២ ស្តីពីការកែសម្រួល មាត្រា៦ មាត្រា៧ មាត្រា១១ នៃអនុក្រឹត្យ៤៦អនក្រ.បក តួនាទី និងភារកិច្ចរបស់គណៈកម្មាការរដ្ឋបាល ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងលំអិតលើខ្លឹមសារសារាចរណែនាំលេខ០០១ ស្តីពីអនុវត្តនីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល។
ក្នុងឱកាសនោះ លោកលី សារី បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរូបនីយកម្ម សំណង់ និងសុរិយោដី លោកតែងយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះ នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកនូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយបញ្ហាទំនាស់ និងជំរុញការអភិវឌ្ឍន៏ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានប្រសើរឡើងផងដែរ។
ក្នុងវគ្គបណ្តុះបណ្តាលនោះលោក លី សារី បានធ្វើការសំណូមពរឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀម កំណត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលឲ្យរឹងមាំជាពិសេស ពាក់ព័ន្ធនឹងដីធ្លី ត្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រៀម អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាលក្រមតុលាការជាដើមដើម្បីឲ្យក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។
លោកលី សារី បានធ្វើការផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ស្តាប់ខ្លឹមសារ នៃវគ្គបណ្តុះបណ្តាលឲ្យបានម៉ត់ចត់ច្បាស់លាស់ ដើម្បីចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ក្នុងការកំណត់អត្តសញ្ញាណមនុស្ស និងដី ដើម្បីឲ្យការអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនៅថ្ងៃខាងមុខនេះ៕