សួនកំសាន្ត Dream Land ចេញសេចក្តីប្រកាសបិទអាជីវកម្មរបស់ខ្លួន នៅដើមខែមីនា ត្រៀមសង់អាគារកម្ពស់ ៥០០ម៉ែត្រ
26-02-2016 16:10
(ភ្នំពេញ)៖ សួនកំសាន្តឌ្រីមលែន៍ បានចេញសេចក្តីប្រកាសថា៖ នឹងបិទដំណើរការអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះតទៅ។ ទន្ទឹមនឹងការប្រកាសបិទដំណើរការនេះ សួនកំសាន្តឌ្រីមលែនឌ៍ នឹងប្រកាសលក់ឧបករណ៍កំសាន្តនានា និងសំភារៈការិយាល័យជាច្រើនផងដែរ។
ការប្រកាសបិទអាជីវកម្មនេះ ក្នុងគោលបំណងដើម្បីត្រៀមសាងសង់អគារកម្ពស់៥០០ម៉ែត្រ ស្មើនឹង ១៣៤ជាន់ ដែលនឹងចំណាយទុនវិយោគប្រមាណ១០០០លានដុល្លារ ជាគម្រោងស្ថិតក្រោមការវិនិយោគរួមរវាងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ខូអិលធីឌី និងក្រុមហ៊ុនសាងសង់របស់ចិន នេះបើយោងតាមលិខិតរបស់មន្ទីររៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលអង្គភាពយើងខ្ញុំទើបទទួលបាន។
គម្រោងដំណើរការសាងសង់អគារភ្លោះនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០១៦នេះ លើផ្ទៃដីទំហំ ៥ហិកតា ហើយនឹងចំណាយពេលសាងសង់រយៈ ពេល ៣ឆ្នាំ ដោយបញ្ចប់ក្នុងឆ្នាំ ២០១៩។ អគារខ្ពស់កប់ពពកនេះ គេរំពឹងថាជាអគារខ្នាតយក្សក្នុងតំបន់អាស៊ី ដែលវានឹងស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខ ណាហ្គាវើល។ អគារឈ្មោះដែលមាននាមថា «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង»៕