(កំពង់ចាម)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំពិធីសម្ពោធ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ពិធីសម្ពោធបានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកស្រី ទន់ សាអ៉ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក សេង ស៉ីម នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម, អ្នកស្រី វីណា រេដឌី នាយិកា «ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ», អ្នកស្រី អមរា បូ តំណាង «កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ» និង លោក ផេង ពង្សរ៉ាស៉ី នាយកកម្មវិធីអប់រំស្តីអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈ មណ្ឌល ឯកសារកម្ពុជា។ កម្មវិធីសម្ពោធនេះ ក៏មានការចូលរួមពីភ្ញៀវដែលជាគរុសិស្ស លោកគ្រូអ្នកគ្រូនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម និងបានអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ លាងដៃជាមួយអាល់កុល និងរក្សាគម្លាតដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។
មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើត «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» ខេត្តកំពង់ចាម ចាប់តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះ តាមរយៈការធ្វើការជាដៃគូលើកិច្ចការរដ្ឋបាល និងបច្ចេកទេសមួយចំនួន ដូចជា ការស្នើសុំបង្កើតការិយាល័យ, ការដាក់ឈ្មោះការិយាល័យ, ការជួបប្រជុំដើម្បីពិភាក្សាពីវត្ថុបំណងជាក់លាក់ក្នុងការបង្កើត និងដំណើរការការិយាល័យស្រាវ ជ្រាវ និងបណ្ណាល័យខ្មែរក្រហម, ការកំណត់ទីតាំងការិយាល័យ, ការកែលម្អអគារ ព្រមទាំងការរចនាផ្ទៃខាងក្នុងពណ៌បៃតងដែលរួមមានការបំពាក់គ្រឿងបរិក្ខាការិយាល័យ និងការដាក់តាំងពិព័រណ៍រូបថតស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ការិយាល័យនេះ មានបន្ទប់ប្រជុំអនឡាញ ដែលស្ថិតនៅជាប់គ្នានឹងបន្ទប់ធំ ព្រមទាំងមានឯកសារខ្មែរក្រហមដែលជាប់ទាក់ទងនឹងភូមិភាគឧត្តរចំនួន ៧៤៧៥ ឯកសារ ឬស្មើនឹងជិត៩ម៉ឺនទំព័រ។ កិច្ចការទាំងអស់ខាងលើនេះ ត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
«ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» នៅខេត្តកំពង់ចាម គឺជាកន្លែងផ្សព្វ ផ្សាយ និងទទួលព័ត៌មានស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលរួមបញ្ចូលទាំងកិច្ចការបង្រៀនពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងសាលារៀន និងនៅតាមសហគមន៍ និងលើកកម្ពស់កិច្ចការស្រាវជ្រាវ និងចងក្រងពីបទពិសោធន៍របស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមក្នុងខេត្តកំពង់ចាម ដើម្បីទុកជាមេរៀនបន្ថែមសម្រាប់ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្ស។
កិច្ចការទាំងអស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើររបស់អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម) ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតផ្លូវការរបស់អង្គភាពទាំងបីកាលពីឆ្នាំ២០១៣ ក្នុងន័យបម្រើដល់សេចក្តីត្រូវការរបស់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ រួមមាន ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីប្រវត្តិសាស្ត្រនេះទៅកាន់ក្មេងៗជំនាន់ក្រោយ និងទទួលយកបទពិសោធន៍ និងទស្សនៈយល់ឃើញផ្ទាល់ខ្លួនចំពោះរបបខ្មែរក្រហមរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ សម្រាប់យុទ្ធសាស្ត្រផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្ត និងដើម្បីធ្វើជាមេរៀនបន្ថែមសម្រាប់យុវវ័យជំនាន់ក្រោយ ក្នុងការចូលរួមទប់ស្កាត់ការវិលត្រឡប់អំពើប្រល័យពូជសាសន៍ជាលើកទី២នៅកម្ពុជា។
ដើម្បីបម្រើដល់គោលបំណងដូចបានរៀបរាប់ខាងលើ បន្ទប់ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» នឹងត្រូវប្រើប្រាស់ជាថ្នាក់រៀនប្រវត្តិសាស្ត្រ ដែលចាប់ផ្តើមពីប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបកម្ពុជាប្រជាធិបតេយ្យ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។
សិស្សានុសិស្ស គរុសិស្ស និងគ្រូបង្រៀន នឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងសកម្មភាពការងារមួយចំនួននៅក្នុងបន្ទប់ថ្នាក់រៀនប្រវត្តិសាស្ត្រនេះ រួមមាន៖
១៖ កម្មវិធីវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
២៖ កម្មវិធីវេទិកាអប់រំសាធារណជាមួយជនរងគ្រោះនៃរបបខ្មែរក្រហម។
៣៖ កម្មវិធីវេទិកាប្រវត្តិសាស្ត្រគ្រួសារ ជាមួយគ្រូបង្រៀន និងជនរងគ្រោះនៃរបបខ្មែរក្រហមដើម្បីពិភាក្សាបទពិសោធន៍គ្រួសារឆ្លងកាត់របបខ្មែរក្រហម និងការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
៤៖ កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ស្តីអំពីការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម៕