(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន ធ្វើទស្សនកិច្ចនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។
នៅក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើបទបង្ហាញលម្អិតចំពោះទីតាំងសំខាន់ៗនៃក្រសួងសាធារណការផងដែរ។ ជាមួយនោះលោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន ពីវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលវិទ្យាស្ថាននេះបានបង្កើតឡើង សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន ដែលនឹងធានាថា «កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត»។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញផងដែរ ពីកន្លែងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធាររណការ និងដឹកជញ្ជូនដល់អ្នកសារព័ត៌មាន ដោយលោកបានបញ្ជាក់ដែរថា កន្លែងផ្តល់សេវានេះគឺដើម្បីបង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលយកសេវាសាធារណៈ ដោយមិនគិតថ្លៃនោះ ហើយការបង្កើតនេះដែរ ដើម្បីជាការជួយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីជាការកាត់បន្ថយការចំណាយដើម្បីទៅរកសេវាក្រៅផ្លូវការ នាំឱ្យខាតបង់ថវិកាច្រើនផងដែរ។
សូមបញ្ជាក់ថា អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ៥៩.៥០ ម៉ែត្រ គុណ ២៣.២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់ សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលបានចំណាយថវិកាសរុបជាង ២៦លានដុល្លារអាមេរិក។ អគារនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។
អគារទីស្តីការថ្មីរបស់ក្រសួងក៏បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ ដើម្បីចូលរួមក្នុងការ កាត់បន្ថយចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង។
ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិក៕