(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះបាននាំយក រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការ ចំនួន២ទីតាំងផ្សេងគ្នា គឺនៅផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ និងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យភាពអនុលោមភាព លើទំនិញជាម្ហូបអាហារ ។
សូមបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចង្អុលបង្ហាញ ដោយផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការ ពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អាជ្ញាធរដែនដី គណៈកម្មការផ្សារឈូកមាស និងផ្សារជម្ពូវ័ន ដើម្បីធានាបាននូវទំនិញ ជាម្ហូបអាហារ មានអនុលោមភាព ផ្នែកម្ហូបអាហារ ដែលមិនមានប្រើប្រាស់ សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាព ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការត្រួតពិនិត្យ និងយកសំណាកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ នៅផ្សារឈូកមាស ចំនួន៣២គំរូ និងផ្សារជម្ពូវ័ន ចំនួន៦០គំរូ រួមមាន ប្រហិតសាច់គោ ប្រហិតត្រី មី គុយទាវ លត បាញ់កាញ់ ផ្អក ប្រហុក ម៊ាំ ជ្រកត្រីងៀត ត្រីប្រា សាច់ក្រក ឈាមជ្រូក គ្រឿងសមុទ្រ ពពុះសណ្តែក ស្ករត្នោត នំស្លឹកស្រស់ និងបន្លែផ្លែឈើ ។ ជាលទ្ធផល គឺមន្ត្រីជំនាញ បានរកឃើញពពុះសណ្តែក ចំនួន ៣,៥គីឡូក្រាមនំស្លឹកស្រស់ និងប្រហិតត្រី ចំនួន ៨,៤គីឡូក្រាម មានវត្តមានសារធាតុគីមី ហាមឃាត់បូរ៉ាក់ ។ ជាមួយគ្នានេះដែរ ទំនិញហួសសុពលភាពប្រើប្រាស់ រួមមានចាហួយត្រី និងភេសជ្ជៈ សរុបចំនួន ៦១ គីឡូក្រាម។ ក្នុងនោះដែរ មន្ត្រីជំនាញក៏បានដកហូត និងធ្វើការស្រាវជ្រាវរកប្រភពទីតាំងផលិត ដើម្បីបន្តនីតិវិធីតាមច្បាប់ ។
ទន្ទឹមនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករទិញ លក់ទំនិញជាម្ហូបអាហារទាំងអស់ រាល់ប្រតិបត្តិការទិញ លក់ ត្រូវមានវិក្កយបត្រ និងត្រូវដឹងពីប្រភពផលិត និងនាំចូលឱ្យបានច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើងជាយថាហេតុ បង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពផលិត និងនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់ផលិតករនិងអាជីវករលក់ដូរ ទំនិញជាម្ហូបអាហារទាំងអស់ កុំដើម្បីតែប្រាក់ចំណេញ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ក្នុងផលិតផលម្ហូបអាហារ ដែលបណ្តាលឱ្យប៉ះពាល់សុខភាព ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងអាចទទួលទោសទណ្ឌតាមច្បាប់ជាធរមាន ៕