(ភ្នំពេញ)៖ សិក្ខាសាលាស្ដីពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងដំណឹងក្លែងក្លាយអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានរៀបចំ និងបើកធ្វើឡើងដោយក្រសួងព័ត៌មាននៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ ដោយមានការចូលរួមជាអធិបតីពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ក្រសួងព័ត៌មាន រួមទាំងសិក្ខាកាមជាប្រធានមន្ទីរព័ត៌មានមកពីតាមបណ្ដារាជធានី-ខេត្ត និងមន្ត្រី នៃក្រសួងព័ត៌មានជាច្រើនរូបទៀត។
សិក្ខាសាលានេះ ក៏បានការចូលរួមធ្វើបទបង្ហាញដល់សិក្ខាកាមទាំងអស់ពីតំណាងក្រុមហ៊ុន Facebook ប្រចាំនៅប្រទេសកម្ពុជា និងឡាវ និងតំណាងប្រតិភូប្រទេសវៀតណាម តាមរយៈវីដេអូផ្សាយបន្តផ្ទាល់ រួមទាំងការធ្វើបទបង្ហាញផ្ទាល់ពីតំណាងអង្គភាពព័ត៌មាន Fresh News តំណាងក្រសួងសុខាភិបាល និងក្រសួងព័ត៌មានផងដែរ។
សិក្ខាសាលាបានផ្ដោតសំខាន់ និងយកចិត្តទុកដាក់ទៅលើព័ត៌មានក្លែងក្លាយ រួមទាំងពាក្យចចាមអារាមនានាដែលជនអគតិខិលខូចមួយចំនួនបង្កើតឡើង ជាពិសេសព័ត៌មានពាក់ព័ន្ធទៅនឹងការរីករាលដាលជម្ងឺកូវីដ-១៩ តែម្ដង រួមទាំងវិធានការផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ និងពាក្យចចាមអារាមទាំងអស់នោះនៅក្នុងចំណោមសាធារណជនអោយបានទាន់ពេលវេលា ។ ក្នុងនោះ ប្រសិនបើយើងទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានចចាមអារាមមិនបានទាន់ពេលវេលាទេ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមទាំងមូល សេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលតែម្ដង។
ដើម្បីលុបបំបាត់ និងបន្សាបព័ត៌មានក្លែងក្លាយបាន អ្នកព័ត៌មានទាំងអស់ក្រោយទទួលបានព័ត៌មានឬដំណឹងអ្វីមួយ ជាពិសេសពាក់ព័ន្ធទៅនឹងការរីករាលដាលជម្ងឺកូវីដ-១៩ ត្រូវតែធ្វើការផ្ទៀងផ្ទាត់រកប្រភពព័ត៌មានផ្លូវការជាមុនសិនមុននឹងធ្វើការផ្សព្វផ្សាយ ហើយប្រសិនបើដឹងថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ ឬគ្រាន់តែជាពាក្យចចាមអារាម ត្រូវរកព័ត៌មានពិតមកផ្សព្វផ្សាយដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ និងពាក្យចចាមអារាមទាំងអស់នោះកុំអោយសាធារណជនមានការយល់ច្រឡំជាដើម៕