(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅវិមាន ៧ មករា ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា។
សូមបញ្ជាក់ជូនថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្រុមការងារ ICAPP-កម្ពុជា និងACC-កម្ពុជា ត្រូវបានបង្កើតជាលើកដំបូង កាលពីខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់វិស័យ ដែលមិនធ្លាប់មានចាប់តាំងពីការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងវេទិកា ICAPP ពីឆ្នាំ ២០០០ មក។ គោលបំណងនៃការបង្កើតក្រុមការងារនេះធ្វើឡើងស្របតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺកែទម្រង់ខាងក្នុង ពង្រីកខាងក្រៅ ក្រោមស្មារតីឯករាជ្យ។ ក្រុមការងារនេះមានភារកិច្ចជាតំណាងរបស់គណបក្សប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្មក្នុងវេទិកានានារបស់សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី ហៅកាត់ថា អាយកាប់ (International Conference of Asian Political Parties-ICAPP) ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នារវាងបណ្តាគណបក្សនយោបាយនៅអាស៉ី។
ក្នុងមតិចាប់ផ្តើមកិច្ចប្រជុំ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានស្វាគមន៍ដល់អង្គប្រជុំ ដែលក្នុងនោះមានវត្តមាន លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាតំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងសម្ព័ន្ធស្ត្រី ICAPP លោក សួស យ៉ារ៉ា សមាជិកប្រចាំការ និងជាអគ្គនាយកនៃក្រុមប្រឹក្សាវប្បធម៌អាស៉ី លោក សុខ សូកេន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងសម្ព័ន្ធយុវជន ICAPP និងលោក ហ៊ុយ
វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាតំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងវេទិកាសារព័ត៌មាន ICAPP ព្រមទាំងសហការីជំនាញគ្រប់វិស័យ។
នាឱកាសនេះផងដែរ លោក សួស យ៉ារ៉ា បានជម្រាបជូនអង្គប្រជុំនូវរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា ដោយបានគូសបញ្ជាក់យ៉ាងក្បោះក្បាយនូវប្រវត្តិសវតារ អត្ថប្រយោជន៍ សមិទ្ធផល វឌ្ឍនភាពការងារ និងទិសដៅការងារបន្ត នៃការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងវេទិកានានារបស់ ICAPP ដោយចាប់ផ្តើមពីសមាជិកធម្មតា រហូតក្លាយជាសមាជិកគណៈអចិន្ត្រៃយ៍ និងក្រោយមកទៀតក្លាយជាអនុប្រធានរបស់ ICAPP។ ពិសេសជាងនេះទៅទៀត មិនត្រឹមតែគណបក្សនយោបាយនៅអាស៉ីប៉ុណ្ណោះទេ តាមរយៈវេទិកា ICAPP គណបក្សប្រជាជនកម្ពុជាបានកសាងទំនាក់ទំនងល្អជាមួយបណ្តាគណបក្សនៅទ្វីបអឺរ៉ុប និងតំបន់ EURASIA ទ្វីបអាហ្វ្រិក ទ្វីបអាមេរិកឡាទីន និងទ្វីបអូសេអានីផងដែរ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួចមក លោក និងលោកស្រីជាតំណាងគណបក្សប្រជាជនកម្ពុជាក្នុងសម្ព័ន្ធនីមួយៗរបស់ ICAPP ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ស្តីពីវឌ្ឍនភាពការងារ សមិទ្ធផល និងភាពជោគជ័យទៅតាមភារកិច្ចដែលខ្លួនទទួលបន្ទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងវិជ្ជាជីវៈដ៏ត្រឹមត្រូវ ជាមួយនឹងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តបង្កើនស្នាដៃ និងលើកកម្ពស់ ឧត្តមភាព កិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០០០ មក គណបក្សប្រជាជនកម្ពុជាតែងបញ្ជូនគណៈប្រតិភូចូលរួមក្នុងវេទិកា ICAPP យ៉ាងសកម្ម ដែលចាប់ផ្តើមដំបូងពី សម្តេចវិបុលបញ្ញា សុខ អាន បន្ទាប់មកទៀត លោក ហោ ណាំហុង និងបច្ចុប្បន្ន គឺលោកស្រីកិត្តិសង្កហបណ្ឌិត ឃួន សុដារី។
ក្នុងអនុសាសន៍ដឹកនាំរបស់ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២០ ទិសដៅការងារ២០២១ និងសមិទ្ធិផលដែលគណបក្សប្រជាជនកម្ពុជាទទួលបានពីការចូលរួមក្នុងវេទិកា ICAPP កន្លងមក គឺបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់រូបដែលបានចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីគណបក្ស និងប្រទេសជាតិ។
លោកស្រីបានរំលឹកជូនអង្គប្រជុំនូវអ្វីដែលជាបញ្ហាប្រឈមនានាដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូវីត ១៩ និងការរៀនរស់នៅតាមបែបគន្លងថ្មី ដោយរាល់កិច្ចប្រជុំអន្តរជាតិជាច្រើនបានផ្លាស់ប្តូរទៅជាកិច្ចប្រជុំតាមអ៉ីនធឺណែតវិញ។
លោកស្រីបានគូសបញ្ចាក់បន្ថែមពីការប្តេជ្ញាចិត្តដ៏មុះមត់ក្នុងការបន្តដឹកនាំបង្កើនកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ និងបន្តកសាងមិត្តភ័ក្ត្រអន្តរជាតិល្អៗឱ្យបានច្រើន ដើម្បីជាកម្លាំងគាំទ្រនយោបាយអន្តរជាតិរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំ ស្របតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺកែទម្រង់ខាងក្នុង ពង្រីកខាងក្រៅ ក្រោមស្មារតីឯករាជ្យ។
ក្នុងកិច្ចប្រជុំនេះផងដែរ មានការលើកឡើងពីទិសដៅ ក៏ដូចជាសំណូមពរផ្សេងៗ ផ្តោតសំខាន់លើការប្រើប្រាស់វប្បធម៌ ដោយភ្ជាប់ជាមួយគោលដៅកិច្ចការបរទេស ដែលត្រូវបានចាត់ទុកថាជាខឿន និងភារកិច្ចកិច្ចស្នូលមួយផងដែរ ដើម្បីធ្វើជាមធ្យោបាយការទូត ក្នុងការបម្រើឲ្យគោលដៅអភិវឌ្ឍជាតិ និងលើកកំពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបជូនផងដែរថា នៅក្នុង ICAPP គណបក្សប្រជាជនកម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាគណបក្សនយោបាយនៅអាស៊ីជាច្រើនចំនួន ៣៥៥ គណបក្ស ដែលមកពី ៥២ ប្រទេស និង ១ ដែនដី។ ជាពិសេស គណបក្សប្រជាជនកម្ពុជា ជាបានប្រែក្លាយទៅជាសមាជិកការិយាល័យនយោបាយ ICAPP ដែលមានសម្លេងដឹកនាំ និងសម្រេចទិសដៅការងារសំខាន់ៗរបស់ ICAPP។ នេះពិតជាមោទនភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដើរដល់ចំណុចនេះ ព្រោះក្នុងចំណោមការិយាល័យនយោបាយគឺសុទ្ធតែជាគណបក្សមកពីប្រទេសធំៗ នៅអាស៉ីដូចជា៖ ហ្វីលីពីន(ប្រធានស្ថាបនិក) សាធារណៈរដ្ឋកូរ៉េ (សហប្រធាននិងអគ្គលេខាធិការ) ចិន រុស្ស៉ី ប៉ាគីស្ថាន កម្ពុជា ជាអនុប្រធាន ICAPP។
ក្រៅពីនេះ តំណាងគណបក្សប្រជាជនកម្ពុជា មានតួនាទីសំខាន់ៗនៅក្នុងសកម្មភាពរបស់ ICAPP ដូចជា៖ នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាវប្បធម៌អាស៉ី (Asian Cultural Council) មានតួនាទីទាំងជាប្រធាន និងអគ្គនាយក នៅក្នុងក្របខណ្ឌវេទិកានយោបាយអាស៊ី-អឺរ៉ុប (Asia Europe Political Forum) លោកស្រីកិត្តិសង្កហបណ្ឌិត ឃួន សុដារី ធ្លាប់ធ្វើជាសហប្រធានតំណាងគណបក្សនយោបាយនៅទ្វីបអាស៉ី រួមជាមួយសមភាគី លោក Geoffrey Van Orden សមាជិកសភាអឺរ៉ុប តំណាងឱ្យគណបក្សនយោបាយនៅអឺរ៉ុប៕