(ក្រចេះ)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនូវប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តក្រចេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំអនុសាសន៍ជាច្រើនចំណុចដល់លោកប្រធានមន្ទីរថ្មី ពិសេសត្រូវពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីផលិតផលសហគមន៍ទេសចរណ៍ ដើម្បីជំរុញចលនាទេសចរក្នុងស្រុកឱ្យមកទស្សនាខេត្តក្រចេះកាន់តែច្រើន។
ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ នៅសាកលវិទ្យាល័យក្រចេះ ដោយមានការចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។ លោក ចាន់ សុគន្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ជំនួសលោក ជួប រតនា ដែលត្រូវផ្ទេរទៅបម្រើការនៅទីស្ដីការក្រសួងទេសចរណ៍។
ពាក់ព័ន្ធនឹងកាប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំឱ្យបន្តអនុវត្តវិធានការ និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ បន្តអនុវត្តសេចក្តីណែនាំ និងវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍បានដាក់ចុះឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព។ សហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះតាមដាន និងត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍របស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍។
លោកបានកំហិតថា គ្រប់អាជីវកម្ម សេវាកម្ម និងគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែធានាឲ្យបាននូវសុខសុវត្ថិភាពដល់ភ្ញៀវទេសចរ ពិសេសការអនុវត្តគោលការណ៍សំខាន់ ៣ គឺការពាក់ម៉ាស់ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាព។
ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ លោករដ្ឋមន្ត្រីបានណែនាំឱ្យលោកប្រធានមន្ទីរថ្មីត្រូវត្រៀមចូលរួមរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ហើយផែនការនេះត្រូវដាក់ឆ្លងគណៈអភិបាលខេត្ត និងក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និងសុំការអនុម័តពីរាជរដ្ឋាភិបាល ព្រោះជាផែនការអភិវឌ្ឍន៍តំបន់ ពិសេសគឺសត្វផ្សោតទន្លេមេគង្គ។
ម្យ៉ាងទៀតក៏ត្រូវសិក្សាពីសក្តានុពលនៃតំបន់ទេសចរណ៍ ដែលអាចប្រែក្លាយជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងត្រូវយកចិត្តទុកដាក់ថែរក្សាការពារ និងអភិវឌ្ឍតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សក្តានុពលដែលមានស្រាប់ ពិសេសត្រូវខិតខំរៀបចំបង្កើតជាកញ្ចប់ខ្សែទស្សនកិច្ចមួយរបស់ខេត្តក្រចេះ ដោយតភ្ជាប់ពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយទៀត ឬភ្ជាប់ទៅខេត្តគោលដៅផ្សេងៗទៀត ដោយសហការជាមួយមន្ទីរទេសចរណ៍ដែលនៅជុំវិញ។
ក្រៅពីនេះ ត្រូវជំរុញលើកទឹកចិត្តដល់ផ្នែកឯកជនឲ្យចូលរួមវិនិយោគលើផ្នែកទេសចរណ៍ឱ្យបានច្រើន ពិសេសលើការអភិវឌ្ឍន៍រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានានៅខេត្តក្រចេះ។ ត្រូវរៀបចំបង្កើតឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងកីឡាឱ្យបានច្រើនសម្រាប់ខេត្ត។
លោក ថោង ខុន បានណែនាំបន្តថា មន្ទីរទេសចរណ៍ខេត្តត្រូវពង្រឹងការឃោសនាផ្សព្វផ្សាយ និងផលិតឯកសារផ្សព្វផ្សាយទេសចរណ៍សម្រាប់ខេត្តក្រចេះតាមគ្រប់រូបភាព ពិសេសតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយសហការជាមួយរដ្ឋបាលខេត្ត ក្រុមហ៊ុន សមាគម និងផ្នែកឯកជននានា។ ត្រូវពង្រឹងការគ្រប់គ្រងមណ្ឌល ឬបញ្ជរព័ត៌មានទេសចរណ៍តាមខេត្តឲ្យបានល្អ ដោយសហការជាមួយផ្នែកឯកជន។
ត្រូវពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសជំរុញឱ្យមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ធ្វើអាជីវកម្មត្រឹមត្រូវតាមច្បាប់ និងមានអាជ្ញាបណ្ណពិតប្រាកដ ព្រមទាំងជំរុញអនុវត្តការផ្តល់អាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងជំរុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា ដែលក្រសួងបានដាក់ចេញ។
ជាមួយគ្នានោះ ក៏ត្រូវសហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពជំនាញ ដើម្បីជំរុញរៀបចំជាវិថីម្ហូបអាហារឲ្យបានសមស្របទៅនឹងគោលការណ៍ និងត្រូវពង្រឹងការងារទីក្រុងស្អាត ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣ ខាងមុខ ដើម្បីឱ្យក្រុងក្រចេះអាចឈានទៅទទួលបានរង្វាន់ជ័យលាភី «ផ្ការំដួល៣ទង»៕