Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អង្គ វង្សវឌ្ឍនា ចូលរួមក្នុងសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រី ស្តីពីពិភពលោកគ្មានទោសប្រហារជីវិត នៅអ៉ីតាលី

23-02-2016 14:56

(អ៊ីតាលី)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំប្រតិភូក្រសួង យុត្តិធម៌កម្ពុជា ទៅចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី៩ ស្តីពីពិភពលោកគ្មានទោសប្រហារជីវិត ដែលប្រារព្ធធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

សន្និសីទអន្តរជាតិនេះ ចូលរួមដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកពីបណ្តាប្រទេសផ្សេងៗ លើពិភពលោកប្រមាណ៣០ប្រទេស គោលបំណងនៃសន្និសីទនេះ គឺចង់ជំរុញឲ្យពិភពលោក លុបបំបាត់ចោល នៅទោសប្រហារជីវិត។

ក្នុងអង្គសន្និសីទនេះផងដែរ លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានទទួលកិត្តិយសធ្វើបទអន្តរាគមន៍ដំបូងគេ ដោយលោកបានលើកឡើង អំពីការអនុវត្តច្បាប់នៅកម្ពុជា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យ មានទោសប្រហារជីវិតឡើយ ដូច្នេះការអនុវត្តនៅកម្ពុជាខ្ពស់បំផុត គឺជាប់ពន្ធនាគារអស់មួយជីវិត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអនុវត្តច្បាប់ នៅក្នុងបណ្តាប្រទេសអាស៊ី ច្បាប់ជាតិដែលបាននឹងកំពុងអនុវត្តន៍ នៅប្រទេសកម្ពុជា រួមទាំងការអនវុត្តន៍ច្បាប់ នៅតុលាការខ្មែរក្រហមផងដែរ ដែលមិនមានទោសប្រហារជីវិតឡើយ ទោះបីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលបានប្រព្រឹត្តទោសកំហុសក្នុងរបបកម្ពុជា ប្រជាធិបតេយ្យក៏ដោយ។ មិនតែប៉ុណ្ណោះរួមទាំងការធ្វើបត្យាប័នផងដែរ ក៏មិនអនុវត្តទោសប្រហារជីវិតដែរ។ លោករដ្ឋមន្ត្រីបានលើកឡើង នូវបញ្ហាជាច្រើនទៀត ទាក់ទងទៅនឹងបញ្ហានេះ។

នៅក្នុងដំណើរការបំពេញបេសកកម្មនោះដែរ លោករដ្ឋមន្ត្រី និងប្រតិភូទាំងអស់ទទួលបាននូវកត្តិយស ពីប្រធានាធិបតីប្រទេសអ៊ីតាលី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ៕