(រតនគិរី)៖ គ្រឿងចក្រ៨គ្រឿងដែលក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគល់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ត្រូវបានរៀបចំពិធីប្រោះព្រំ តាមបែបព្រះពុទ្ធសាសនាមុននឹងដាក់ឲ្យដំណើរការតាមគោលដៅការដ្ឋាននីមួយៗ។
ពិធីខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២១ ក្រោមវត្តមានលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ព្រមទាំងលោកអនុប្រធានមន្ទីរ និងបុគ្គលិកមន្ទីរជាច្រើនរូប។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខាងលើ បានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីតាមបែបពុទ្ធសាសនា ក្នុងគោលបំណងសុំសេចក្តីសុខ សេចក្តីចម្រើន។
លោកបន្តថា នៅថ្ងៃទី៣០ ខែមករា គ្រឿងចក្រខាងលើនេះត្រូវបែងចែកតាមគោលដៅការដ្ឋាននីមួយៗ ហើយគ្រឿងចក្រទាំងនេះយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាពនិងចំគោលដៅដែលជាសមត្ថកិច្ចមន្ទីរសាធារណការ និងដឹកជញ្ជូនដើម្បីបម្រើប្រជាពលរដ្ឋ។ បន្ថែមលើនេះទៀតលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរូបនេះប្តេជ្ញាចិត្តថែទាំគ្រឿងចក្រឲ្យបានល្អប្រើប្រាស់យូរអង្វែង។
លោក សាយ សាមាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានយកចិត្តទុកដាក់ផ្តល់គ្រឿងចក្រដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមផងដែរ៕