(បាត់ដំបង)៖ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅបន្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពីប្រធានក្រុមការងារចុះជួយឃុំទាំងអស់ក្នុងស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមផងដែរ។
បន្ទាប់ពីបានស្តាប់របាការណ៍លទ្ធផល បូកសរុបការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំពៅលូនរួចមក លោក សៅ ជីវ័ន្ត បានថ្លែងថា
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រូវចុះសួរសុខទុក្ខ ពួកគាត់ជាប្រចាំ និងក្តាប់ឲ្យបានរាល់បញ្ហាដែលកើតមានឡើង គឺត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា។
លោក សៅ ជីវ័ន្ត បានធ្វើការកោតសសើដល់ប្រធានក្រុមការងារនៅតាមបណ្តាឃុំទាំងអស់ ដែលបានខិតខំរួមចំណែកបម្រើការងារសង្គមជាច្រើន ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត ស្រុក កងកម្លាំងគ្រប់ប្រភេទ ដូចជាបានជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់កន្លងជាដើម។
ប្រធានក្រុមការងារបានបន្តថា នៅឆ្នាំបន្ត២០២១ទិសដៅបន្តនេះ ស្នើឲ្យអស់លោកបន្តខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋយើងឲ្យកាន់តែល្អបន្ថែមទៀត ដោយធ្វើការផ្សព្វផ្សាយជូនពួកគាត់ឲ្យចូលរួមអនុវត្តដូចជា៖
១៖ បញ្ហាកូវីដ-១៩ បន្តអនុវត្តវិធានការការពារការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល
២៖ ការលើកកម្ពស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរថែមទៀត ( បន្ទាប់ពីគ្រោះទឹកជំនន់ និងឥទ្ធិពលកូវីដ-១៩ មានវិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។ល។
៣៖ ការពង្រឹងសន្តិសុខនៅមូលដ្ឋាន (ភូមិ ឃុំ មានសុវត្ថិភាព)។ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍។
៤៖ អភិបាលកិច្ចមូលដ្ឋាន ពង្រឹងការបម្រើសេវាគ្រប់ប្រភេទនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល។
ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈអធិបតីក៏មានអំណោយចែកជូនប្រជាប្រជាពលរដ្ឋក្រីក្រចូលរួមចំនួន ៦៦គ្រួសារក្នុងនោះមាន៖
* ប្រគល់ធុងទឹកចម្រោះចំនួន១៥០ ធុង ជូនរដ្ឋបាលឃុំទាំង០៦ក្នុងស្រុកសំពៅលូន
* ប្រគល់ធុងទឹកជ័រចំនួន១៥០ ធុង
* អំណោយដែលបានចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៦៦គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ១ការ៉ុង ស្មើនឹង២៥គីឡូក្រាម ធុងទឹកចម្រោះចំនួន១ធុង ទឹកសុទ្ធដបធំចំនួន២ដបផងដែរ៕