(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ក្នុង១ខែ ចំនួន២លានរៀល រយៈពេល៦ខែ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការប្រកាសបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្ស រយៈពេល៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឲ្យឃើញ នូវសាមគ្គីភាពក្នុងខឿន ការពារសុខភាពរបស់ប្រជាជនកម្ពុជា៕