(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ទោះបីកម្ពុជាបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP) ប៉ុន្ដែមិនមានបញ្ហាប៉ះពាល់ ចំពោះសេដ្ឋកិច្ចកម្ពុជានោះឡើយ។
មិនប៉ះពាល់ក៏ព្រោះតែ មិនមែនមានតែប្រទេសកម្ពុជាទេ ដែលបាត់បង់ GSP ប្រទេសផ្សេងទៀតដែលជាដៃគូប្រកួតប្រជែង ក៏បាត់បង់ដូចគ្នាដែរ ដូច្នេះប្រទេសគេនាំចេញបង់ពន្ធ ប្រទេសយើងនាំចេញក៏បង់ពន្ធដូចគ្នា។
ថ្លែងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២១» មន្រ្ដីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា « GSP មិនមែនផ្ដល់ជូនតែកម្ពុជាមួយឡើយ ប្រទេសជាង៩០លើពិភពលោកក៏ទទួលបានដូចគ្នា។ បើកម្ពុជាបាត់បង់ប្រទេសផ្សេងទៀត ក៏បាត់បង់ដូចគ្នា មានន័យថា កម្ពុជានាំចេញទំនិញត្រូវបង់ពន្ធ ប្រទេសដែលជាដៃគូប្រកួតប្រជែង ក៏ត្រូវនាំចេញបង់ពន្ធដូចគ្នា»។
លោកបន្ថែមថា ជាក្ដីបារម្ភពីផលប៉ះពាល់លុះត្រាតែ ការនាំចេញរបស់កម្ពុជាត្រូវបង់ពន្ធ ប៉ុន្ដែប្រទេសដទៃទៀតមិនត្រូវបង់ពន្ធ ប៉ុន្ដែការនាំចេញត្រូវបង់ពន្ធដូចគ្នា អីចីងមិនមានបញ្ហា សម្រាប់កម្ពុជាឡើយ។
លោក វង្សី វិស្សុត បានឲ្យដឹងទៀតថា ឆ្នាំ២០២១នេះ អាមេរិកកំពុងមានបញ្ហាផ្ទេរអំណាច ដូច្នេះ GSP មិនទាន់ត្រូវបានស្ថាប័នីតិបញ្ញត្តិ របស់អាមេរិកអនុម័ន នៅឡើយទេ។ ជាចម្ងល់សួរថា តើ GSP នេះត្រូវបានអនុម័ត ឬអត់? ប្រសិនបើអត់បានកម្ពុជាត្រូវបង់ពន្ធ ប៉ុន្ដែប្រសិនបើបានទឹកប្រាក់ ដែលត្រូវបង់ពន្ធនេះនឹងផ្ទេរត្រឡប់មកវិញ។
អាមេរិកជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា។ លោក វង្សី វិស្សុត បានឲ្យដឹងថា ប្រសិនកម្ពុជាអត់មាន GSP កម្ពុជាក៏មាន MFN ជាការអនុគ្រោះពន្ធមានតម្លៃទាប ដូច្នេះមិនប៉ះពាល់សេដ្ឋកិច្ចកម្ពុជាខ្លាំងឡើយ។
លោកបានបន្ថែមថា សម្រាប់ GSP នេះ កម្ពុជាទទួលបានសម្រាប់ការនាំចេញកាបូប ប៉ុន្ដែសម្រាប់នាំចេញកង់, នាំចេញសម្លៀកបំពាក់, គ្រឿងសង្ហារឹម កម្ពុជាបង់តាមរយៈ MFN។ ដូច្នេះការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិកមិនធ្លាក់ចុះឡើយ មានតែកើនឡើងៗដោយសារតែ អាមេរិកចាយលុយច្រើន សម្រាប់ជំរុញសេដ្ឋកិច្ច, ការប្រើប្រាស់ធំ ទីផ្សារនាំចេញកម្ពុជាក៏លឿនផងដែរ។
លោកបានបន្ដថា «ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ អាមេរិកក្លាយជាទីផ្សារដ៏ធំរបស់កម្ពុជា។ ក្រៅពីអាមេរិកនេះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនក៏មានកំណើនផងដែរ»។
សូមជម្រាបថា ឆ្នាំ២០២១នេះ គឺឆ្នាំដែលប្រទេសកម្ពុជា ត្រូវផុតកំណត់ហើយ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២០។
តួលេខរបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ក្នុងឆ្នាំ២០២០ សម្រេចបានសរុបចំនួន ជាង៥ ៥០៩លានដុល្លារអាមេរិក កើនឡើង១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៤ ៧១៣លានដុល្លារអាមេរិក។
កម្ពុជាបាននាំចេញ ទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៥,២៥៨លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារ។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្តគ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕