(ភ្នំពេញ)៖ វិស័យសំណង់ និងអចលនទ្រព្យត្រូវបានចាត់ទុកជា ចន្ទល់ដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩។ បើតាមលោក វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក វង្សី វិស្សុត បានថ្លែងថា «ខ្ញុំគិតថា មកដល់ពេលនេះវិស័យអចលនទ្រព្យ និងវិស័យសំណង់ ជាចន្ទល់សេដ្ឋកិច្ចមួយដែលមានភាពរឹងមាំគួរសម ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត ដែលជាការគ្រោងទុកថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ជាងនេះ ប៉ុន្ដែជាក់ស្ដែងធ្លាក់ចុះត្រឹម-៣.១ភាគរយប៉ុណ្ណោះ។ ចំពោះវិស័យសំណង់ធ្លាក់ចុះពី-១៣ភាគរយ មកត្រឹម-២.៤៥ភាគរយ ហើយអចនលទ្រព្យងើបឡើងវិញពី-៥ភាគរយ មកត្រឹម-៤ភាគរយ»។
លោកបានបន្ដថា «ជាគោនយោបាយត្រូវថែទាំវិស័យនេះ ដោយសារតែវិស័យទាំង២នេះ ជាចន្ទល់សេដ្ឋកិច្ចមួយនៅពេលមានវិបត្តិ។ រដ្ឋក៏មានគោលនយោបាយមិនយកពន្ធ ចំពោះអចលនទ្រព្យក្រោម៧ម៉ឺនដុល្លារ ដូច្នេះការលក់ដូរអចលនទ្រព្យ តម្លៃក្រោម៧ម៉ឺនដុល្លារកើនឡើង ចំណែកឯវិស័យខុនដូ និងផ្ទះមានតម្លៃថ្លៃធ្លាក់ចុះ»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ធ្លាប់បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បច្ចុប្បន្នវិស័យអចលនទ្រព្យ នៅតែដំណើរការដដែល គ្រាន់តែមានតែវិនិយោគក្នុងស្រុក ចំណែកវិនយោគបរទេសមានការថមថយ។ ចំណែកក្នុងឆ្នាំ២០២០ចរន្ដនៃ ការទិញលក់ដីធ្លីនៅកម្ពុជាធ្លាក់ចុះបន្ដិច ប៉ុន្ដែតម្លៃមិនបានធ្លាក់ចុះឡើយ។
លោកបញ្ជាក់ថា កត្តាទិញលក់មិនធ្លាក់ចុះដោយសារតែ វិនិយោគនៅកម្ពុជានៅតែមានសកម្មភាព។ មួយវិញទៀតរាជរដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាមួយឆ្នាំទៀត ចំពោះការទិញ-លក់ ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ នេះជាហេតុផលធ្វើឲ្យការទិញលក់មិនធ្លាក់ចុះ៕