(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការសិក្សាស្រាវជ្រាវ គឺជាចំណុចមួយដ៏មានសារសំខាន់បំផុតក្នុងការបង្កេីននូវចំណេះដឹង ហេីយបេីការសិក្សា ដែលគ្មានការស្រាវជ្រាវ គឺជាការ សូត្រតាមទ្រឹស្តីរបស់គេ ដោយគ្មានការគិត គ្មានការពិចារណា គ្មានកាវិភាគ ដូចនេះខួរក្បាលគ្រាន់តែជាធុងសំរាមផ្ទុកចំណេះដឹងអ្នកដ៏ទៃ មិនមានអ្វីថ្មីនោះទេ។
លោកបណ្ឌិត គិន ភា បានបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជេីញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី សារ:សំខាន់នៃការស្រាវជ្រាវ ដែលបានរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីលោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីវាគ្មិន និងនិស្សិតជាច្រេីនរូបផងដែរ។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ទៀតថា ការបណ្តុះការសិក្សាស្រាវជ្រាវ មិនមែនទើបតែបណ្តុះក្នុងឧត្តមសិក្សា និងក្រោយឧត្តមសិក្សានោះទេ គឺគួរតែបណ្តុះតាំងពីក្មេងមកម្លេះ ដើម្បីឱ្យពួកគេ ចេះធ្វើការស្រាវជ្រាវ ចេះស្រមើរស្រម៉ៃលើការស្រាវជ្រាវមួយដែលសាមញ្ញៗ ដែលទាញចេញមកពីការងារប្រចាំរបស់ពួកគាត់ ដែលជាការស្រាវជ្រាវមួយដែលបំរើ ឱ្យការងារប្រចាំថ្ងៃ បណ្តុះឱ្យចេះស្រលាញ់ការសិក្សា កុំឱ្យចេះតែជឿ គ្រប់យ៉ាងនោះ។
លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា តម្លៃនៃការស្រាវជ្រាវរបស់កម្ពុជាបានចំណាយពេលរាប់សិបឆ្នាំ និងមិនបានគ្រប់គ្រងគង់វង្សឡើង ដោយសារតែសង្គ្រាម ក្នុងនោះកម្ពុជាឃើញថាបានចាប់ផ្តើមជាបន្តបន្ទាប់ដោយមានកម្រិត ខណៈបណ្តាប្រទេសមហាអំណាចធំៗចំនួន១០ ទទួលបានការជោគជ័យខ្លាំងទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយសារកត្តាយកចិត្តទុកដាក់ខ្ពស់អំពីការស្រាវជ្រាវ។
បណ្ឌិត គិន ភា បានបញ្ជាក់ថា ការអភិវឌ្ឍសង្គមជាតិនឹងប្រឈមការរាំងស្ទះរយះពេលវែង ប្រសិនមិនមានការរៀបចំគោលនយោបាយស្រាវជ្រាវដែលធ្វើឱ្យគោលនយោបាយជាតិនានា និងការអនុវត្តនោះមិនអាចដើរស្របគ្នាឡេីយ។
លោកបណ្ឌិត គិន ភា ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលបន្តចូលរួមគាំទ្រការស្រាវជ្រាវ ដើម្បីបញ្ជៀសគម្លាតនៃជំនាញការងារ ស្រាវជ្រាវ ក្នុងការអភិវឌ្ឍជាតិ ខណៈរាជបណ្ឌិត្យសភាកម្ពុជា ក៏កំពុងរួមចំណែកជួយដល់រាជរដ្ឋាភិបាល ធ្វើការតាមដាននិងចងក្រងអត្ថបទវិទ្យាសាស្ត្រយ៉ាងយកចិត្តទុកដាក់សម្រាប់ជាចំណេះដឹង និងទុកជាបទពិសោធន៍ផងដែរ៕