(កណ្តាល)៖ អង្គការសហប្រជាជាតិតាមរយៈមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) បានសម្តែងការគាំទ្រចំពោះសកម្មភាពទាំងឡាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការជួយប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយនានា។
លោក ដានីញែល អាលេមូ (Alemu Daniel) តំណាងស្តីទីមូលនិធិប្រជាជន នៃអង្គការសហប្រជាជាតិ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានលើកឡើងថា ដោយឈរលើមូលដ្ឋានសិទ្ធមនុស្ស និងគោលការណ៍សមភាពយេនឌ័រ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដើម្បីកំណត់ទទួលស្គាល់ និងឆ្លើយតបទៅនឹងបញ្ហាប្រជាជន និងសមភាពយេនឌ័រ។
ក្នុងឱកាសនោះដែរ លោក ដានីញែល អាលេមូ បានបញ្ជាក់ពីការកត់សម្គាល់ និងវាយតម្លៃខ្ពស់លើសមិទ្ធផល និងការបំពេញការងារយ៉ាងសកម្មរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលកន្លងមកទាំងក្នុងវិស័យការងារកាត់បន្ថយគ្រោះមហន្តរាយជាមុន។ ជាពិសេស គឺការឆ្លើយតបយ៉ាងសកម្មនិងបានទាន់ពេលវេលា ចំពោះតម្រូវការរបស់ជនរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ដោយសារទឹកភ្លៀង នាពេលថ្មីៗនេះ ក៏ដូចជាកិច្ចសហការល្អជាមួយបណ្តាដៃគូអភិវឌ្ឍ និងភ្នាក់ងារអង្គការសហប្រជាជាតិនានា។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម និងការចួលរួមសហការរបស់អង្គការដៃគូ របស់មូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា និងរដ្ឋាភិបាល ដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅ កម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនពីកិច្ចការចាំបាច់និងប្រកបដោយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រួមទាំងការបន្តជួយដោះស្រាយតម្រូវការជា ប្រចាំរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងដំណាក់កាលចកតាឡស័ក ជាពិសេសគឺ បងប្អូនពលករដែលទើបត្រលប់ពីប្រទេសជិតខាត។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោក ដានីញែល អាលេមូ ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣ និងស្នើឱ្យស្វែងរកលទ្ធភាពក្នុងការសហការជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពនេះ។
ក្នុងជំនួបនាព្រឹកមិញនេះ លោក ដានីញែល អាលេមូ បាននាំអំណោយជាឃីតចំនួន ១ពាន់ឃីត តម្លៃប្រមាណ ១៥,៧៩០ដុល្លា ជួនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ជួយដល់ជនរងគ្រោះផងដែរ។ សំភារៈទាំងនេះលោកទេសរដ្ឋមន្ត្រី បានចាត់ចែងឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយកទៅចែកជូនដល់ពលករដែលត្រលប់មកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័កផងដែរ៕